រដ្ឋមន្ត្រីទេសចរណ៍ ជំរុញការសាងសង់អគារសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង ឱ្យបញ្ចប់ក្នុងឆមាសទី២ ឆ្នាំ២០២៤


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យបញ្ចប់ការសាងសង់អគារសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍។

ការជំរុញនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីធ្វើទស្សនកិច្ច និងត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានសំណេះសំណាលជាមួយបុគ្គលិក កម្មកររបស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍សរុបប្រមាណ២៥០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយកសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥” និង “អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាស្នូលមួយ និងត្រូវការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀតក្នុងការបង្កើន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ និងអាស៊ានឱ្យទទួលបានជំនាញពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យបន្តជំរុញបញ្ចប់ការសាងសង់អគារសាលាទាំង២ទីតាំង ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ ទាំងបរិមាណ និងគុណភាព សំដៅសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឱ្យសម្រេចបានជោគជ័យ។

គួរជម្រាបថា ចំពោះវឌ្ឍនភាពនៃការសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ គឺនៅរាជធានីភ្នំពេញសម្រេចបានប្រមាណ៥៨ភាគរយ ខណៈនៅខេត្តព្រះសីហនុសម្រេចបានប្រមាណ៥០ភាគរយហើយ៕