រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះសំខាន់សម្រាប់ដោះស្រាយបញ្ហា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីបុគ្គលិកជិត ២ពាន់នាក់


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញគន្លឹះសំខាន់ៗ សម្រាប់ដោះស្រាយបញ្ហាជូនដល់មន្ត្រី បុគ្គលិក ក្រោមឳវាទរបស់ខ្លួនជិត២ពាន់នាក់។

ការបង្ហាញនូវចំណុចគន្លឹះនេះ ក្នុងឱកាសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើបឋកថាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្នុងវគ្គទី៥ តាមប្រព័ន្ធវីដេអូសន្និសីទ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការបណ្តុះបណ្តាលនេះ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តអាទិភាព១ ក្នុងចំណោម៣ ដែលក្រសួងបានដាក់ចេញ គឺការពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំឱ្យមានជំនាញច្បាស់លាស់ ក្នុងការសម្រេចចិត្ត។

មេរៀនក្នុងសប្តាហ៍នេះ គឺជាគន្លឹះសំខាន់ទី២ សម្រាប់ដោះស្រាយបញ្ហាស្របជាមួយនឹងគោលបំណង ៥ចំណុចសំខាន់ៗ ដូចជា៖

១៖ ការញែកដាច់ពីគ្នារវាងវិធីសាស្រ្តកំណែទម្រង់ ដែលមានដំណោះស្រាយបានកំណត់ជាក់លាក់ជាមុនធៀបទៅនឹងវិធីសាស្រ្តដែលព្យាយាមដោះស្រាយបញ្ហា

២៖ ការលើកឡើង និងការកំណត់អាទិភាពបញ្ហាទាំងឡាយដែលចង់ផ្តោតដោះស្រាយ

៣៖ ការបំបែកបញ្ហាដែលសំខាន់បំផុត ក្នុងចំណោមបញ្ហាតូចៗទាំងឡាយ ទៅជាសមាសធាតុគន្លឹះនានា

៤៖ ការកំណត់មនុស្ស ឬបុគ្គលសក្តានុពលដែលជាប់ពាក់ព័ន្ធសំខាន់ជាមួយបញ្ហាទាំងនោះ រួមទាំងកំណត់ថាបុគ្គលណាមួយដែលជាប់ពាក់ព័ន្ធសំខាន់ជាងគេ

៥៖ ត្រូវចេះវាស់វែងពីទំហំបញ្ហា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត ដែលអាចនឹងបញ្ចុះបញ្ចូលអ្នកដឹកនាំមួយចំនួន ឱ្យមានការយកចិត្តទុកដាក់បន្ថែម។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕