រដ្ឋបាលរាជធានីភ្នំពេញ បញ្ចប់នូវការសិក្សាផែនការមេ ស្តីពីប្រព័ន្ធអនាម័យក្នុងទីក្រុង


នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការរៀបចំសិក្ខាសាលា ស្តីពីការប្រគល់-ទទួល​​ផែនការមេស្តីពី «ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង» នៅសណ្ឋាគារកាំបូឌីយ៉ាណា​ រៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម សំរ៉ងឌី ណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកស្រី ស៊ីធី ហាសាណា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក-លោកស្រី តំណាងក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព និងរដ្ឋបាលខណ្ឌពាក់ព័ន្ធ សរុបចំនួន ៧៩ នាក់ ។

ថ្លែងក្នុងឱកាសនៃកម្មវិធី, ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនអំពីវឌ្ឍនភាព នៃ​ការងារគ្រប់គ្រង​ទឹក​កខ្វក់ និងសំណល់ភក់បង្គន់ ដែលជាការងារអាទិភាពមួយ ក្នុងចំណោម​ការ​ងា​រ​ចំ​ពោះមុ​ខ​ ​របស់រដ្ឋបាលរាជធានីភ្នំពេញ ​ហើយជាមួយនឹងការ​ចូលរួមគាំទ្រ ការឈានទៅសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់កម្ពុជា ​តាមការគ្រោងទុក គឺការ​គ្រប់គ្រ​ងឲ្យបាន៥០% នៅត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ផ្តើមចេញពីតម្រូវការជាក់ស្តែង និងឈរលើគោល​ដៅ​លើកកម្ពស់​វិស័យអនាម័យ ស្របតាមស្តង់ដានៃសង្គមស៊ីវិល័យ ក្នុងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់នេះហើយ ទើបផែនការមេ ស្តីពី «ប្រព័ន្ធអនាម័យ​ស​ម្រា​ប់​ទាំ​ង​​អ​ស់​​គ្នា​ក្នុ​ង​​ទីក្រុង» របស់រាជធានីភ្នំពេញ (Citywide Inclusive Sanitation Master plan) បានចេញ​ជាផែនការមេក្នុង​ថ្ងៃនេះ។

ឯកឧត្តមបានលើកឡើងផងដែរថា ផែនការមេនេះ ជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធអនាម័យ ដើម្បីធ្វើការគ្រប់គ្រងខ្សែចង្វាក់សេវាអនាម័យទាំងមូលប្រកបដោយសុវត្ថិភាព គិតចាប់ពីការប្រមូលស្តុកទុក ការបូមទឹកកខ្វក់/សំណល់ភក់បង្គន់ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តកម្ម។

ឯកឧត្តមបន្ដថា ផែនការមេនេះ បានផ្តល់អនុសាសន៍មួយចំនួន ដោយចែកជាដំណាក់កាលៗ រហូតដល់ឆ្នាំ២០៤០ ដែលមានបញ្ជាក់ច្បាស់អំពីតួនាទីរបស់អង្គភាពជំនាញក្នុងការជួយគាំទ្រ និងបំពេញបន្ថែម អំពីការរៀបចំ យន្តការស្ថាប័ន ការពង្រឹងសមត្ថភាពធនធានមនុស្ស ការកំណត់ប្រភពធនធានថវិកា ការធានានិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងបានលើកឡើងជាចក្ខុវិស័យក្នុងការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់បន្ថែមទៀត ស្របតាមស្ថានភាពជាក់ស្តែងនៃកំណើនប្រជាពលរដ្ឋរបស់រាជធានីភ្នំពេញ សំដៅធ្វើឲ្យសុខមាលភាពសាធារណៈកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលរង នួន ផារ័ត្ន ក៏បានលើកឡើងនូវក្តីសង្ឃឹមថា ផែនការមេនេះ នឹងក្លាយទៅជាគំរូផែនការមួយ ក្នុងវិស័យអនាម័យ និងជាគំរូសម្រាប់ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ  ព្រមទាំងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមចូលរួមគាំទ្រឱ្យបានសកម្មក្នុងការអនុវត្តផែនការមេនេះ ឲ្យទទួលបានជោគជ័យនាពេលអនាគត។

លោកស្រី ស៊ីធី ហាសាណា បានថ្លែងជម្រាបជូនដែរថា ផែនការមេ CWIS នេះ នឹងជួយគាំទ្ររាជធានីភ្នំពេញ ក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់ និងរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ជាប្រទេសដែលមានចំណូលខ្ពស់​ នៅ​ឆ្នាំ២០៥០៕