នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការរៀបចំសិក្ខាសាលា ស្តីពីការប្រគល់-ទទួលផែនការមេស្តីពី «ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង» នៅសណ្ឋាគារកាំបូឌីយ៉ាណា រៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម សំរ៉ងឌី ណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកស្រី ស៊ីធី ហាសាណា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក-លោកស្រី តំណាងក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព និងរដ្ឋបាលខណ្ឌពាក់ព័ន្ធ សរុបចំនួន ៧៩ នាក់ ។
ថ្លែងក្នុងឱកាសនៃកម្មវិធី, ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនអំពីវឌ្ឍនភាព នៃការងារគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់ ដែលជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំពោះមុខ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយជាមួយនឹងការចូលរួមគាំទ្រ ការឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមការគ្រោងទុក គឺការគ្រប់គ្រងឲ្យបាន៥០% នៅត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ផ្តើមចេញពីតម្រូវការជាក់ស្តែង និងឈរលើគោលដៅលើកកម្ពស់វិស័យអនាម័យ ស្របតាមស្តង់ដានៃសង្គមស៊ីវិល័យ ក្នុងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់នេះហើយ ទើបផែនការមេ ស្តីពី «ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង» របស់រាជធានីភ្នំពេញ (Citywide Inclusive Sanitation Master plan) បានចេញជាផែនការមេក្នុងថ្ងៃនេះ។
ឯកឧត្តមបានលើកឡើងផងដែរថា ផែនការមេនេះ ជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធអនាម័យ ដើម្បីធ្វើការគ្រប់គ្រងខ្សែចង្វាក់សេវាអនាម័យទាំងមូលប្រកបដោយសុវត្ថិភាព គិតចាប់ពីការប្រមូលស្តុកទុក ការបូមទឹកកខ្វក់/សំណល់ភក់បង្គន់ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តកម្ម។
ឯកឧត្តមបន្ដថា ផែនការមេនេះ បានផ្តល់អនុសាសន៍មួយចំនួន ដោយចែកជាដំណាក់កាលៗ រហូតដល់ឆ្នាំ២០៤០ ដែលមានបញ្ជាក់ច្បាស់អំពីតួនាទីរបស់អង្គភាពជំនាញក្នុងការជួយគាំទ្រ និងបំពេញបន្ថែម អំពីការរៀបចំ យន្តការស្ថាប័ន ការពង្រឹងសមត្ថភាពធនធានមនុស្ស ការកំណត់ប្រភពធនធានថវិកា ការធានានិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងបានលើកឡើងជាចក្ខុវិស័យក្នុងការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់បន្ថែមទៀត ស្របតាមស្ថានភាពជាក់ស្តែងនៃកំណើនប្រជាពលរដ្ឋរបស់រាជធានីភ្នំពេញ សំដៅធ្វើឲ្យសុខមាលភាពសាធារណៈកាន់តែល្អប្រសើរឡើង។
ឯកឧត្តមអភិបាលរង នួន ផារ័ត្ន ក៏បានលើកឡើងនូវក្តីសង្ឃឹមថា ផែនការមេនេះ នឹងក្លាយទៅជាគំរូផែនការមួយ ក្នុងវិស័យអនាម័យ និងជាគំរូសម្រាប់ទីក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ ព្រមទាំងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមចូលរួមគាំទ្រឱ្យបានសកម្មក្នុងការអនុវត្តផែនការមេនេះ ឲ្យទទួលបានជោគជ័យនាពេលអនាគត។
លោកស្រី ស៊ីធី ហាសាណា បានថ្លែងជម្រាបជូនដែរថា ផែនការមេ CWIS នេះ នឹងជួយគាំទ្ររាជធានីភ្នំពេញ ក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់បង្គន់ និងរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕