ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង៖ (១) ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤, និង (២) ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និង អនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, និងអាស៊ាន-កូរ៉េ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន៖ (១) ការដឹកជញ្ជូនផ្លូវគោក (២) ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រការ (៣) ការដឹកជញ្ជូនផ្លូវអាកាស (៤) កិច្ចសម្របសម្រួលការដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ស្តីពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅប្រទេសកម្ពុជា ដែលការអភិវឌ្ឍនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងការតភ្ជាប់របស់ប្រទេសកម្ពុជានៅក្នុងក្របខណ្ឌតំបន់ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំពេញអង្គលើកទី២៩ ក៏បានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន ៖ (១) ផែនការអាទិភាពប្រចាំឆ្នាំ២០២៤, (២) ផែនការមេអាស៊ាន ស្តីពីសេវាចរាចរដែនអាកាស, (៣) ពិធីសារទី៣ ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវអាជ្ញាប័ណ្ណនាវិកហោះហើររបស់អាស៊ាន (៤) ផែនការសកម្មភាពអាកាសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (៥) អនុសាសន៍គោលនយោបាយ សម្រាប់លើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកយានយន្តអគ្គិសនី ក្នុងអាស៊ាន (៦) គោលការណែនាំស្តីពីកំពង់ផែវៃឆ្លាត, និង (៧) អនុសាសន៍ស្តីពីការពង្រឹងការត្រៀមខ្លួន ក្នុងតំបន់សម្រាប់បញ្ហាដែលអាចកើតឡើងនាពេលអនាគតទាក់ទងនឹង (i) ការលើកកម្ពស់និរន្តភាពប្រតិបត្តិការរបស់កំពង់ផែ និង (ii) ការសម្របសម្រួលការផ្លាស់ប្តូរ និងការធ្វើមាតុភូមិនិវត្តន៍របស់នាវិក៕