សហគ្រាសអេកូឡូស៊ី ខ្លាត្រី ស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន បន្តលើការស្តារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សខ្លាត្រីជាមួយសហគមន៍មូលដ្ឋាន


លោកស្រី វ៉ាន់នីសា ហឺរេន មូញូ(Vanessa Herranz Munoz) ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកិច្ចសហប្រតិបត្តិការបន្ត លើការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នៅតាមតំបន់គោលដៅដែលរួមមាន ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជីវចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារស្ទឹងត្រែង។ ការស្នើកិច្ចសហការបន្តនេះ ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៣។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងនឹងគាំទ្រលើការស្តារ និងពង្រឹងឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី។ ពីព្រោះការងារនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចក្រាដែលក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពដែលជាមុំសំខាន់នៅក្នុងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។ ថ្វីបើសកម្មភាពដែលក្រសួងបរិស្ថានបានកំពុងអនុវត្តមានភាពសាមញ្ញ តែទទួលបានការគាំទ្រដោយបេះដូងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិស្សានុសិស្សប្រមាណជិត ៣លាននាក់។ ការគាំទ្រគឺជាចលករជំរុញឱ្យកម្ពុជាឈានក្លាយទៅជាប្រទេសអាព្យាក្រឹតកាបូន តាមរយៈការចែកជូនកូនឈើជូនប្រជាពលរដ្ឋឱ្យបាន ១លាន៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញ បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។

សូមរម្លឹកជូនថា Cambodian Fishing Cat Project បានចុះបញ្ជីជាផ្លូវការជា សហគ្រាស អេកូឡូស៊ី ខ្លាត្រី ខូអិលធីឌី (Fishing Cat Ecological Enterprise) មានបេសកកម្មការពារ ស្តារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដីសើមនៅកម្ពុជា ដើម្បីធានាការអភិរក្សជីវចម្រុះ សុខភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រភាពសុខដុមរមនានៃធម្មជាតិ និងមនុស្ស៕