ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ស្នើសុំ UNRC បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗរបស់ក្រសួង ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា


ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC) រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា បានស្នើសុំ UNRC បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗរបស់ក្រសួង ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

ជាពិសេសដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសឯកឧត្តមរដ្ឋមន្ដ្រីថ្លែងអំណរគុណដល់ UNRC ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ប្រចាំកម្ពុជា នាពេលកន្លងមក។

ជាមួយគ្នានោះ លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យ ក្នុងឱកាសដែល ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកបានជម្រាបជូនឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តីថា UNRC បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ និងដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានាប្រចាំនៅកម្ពុជា ក្រសួងសុខាភិបាលបានអនុវត្តនូវផែនការយុទ្ធសាស្ត្រជាច្រើនដំណាក់កាលជាបន្តបន្ទាប់ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ជាពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួន បានធ្វើការសហការយ៉ាងជិតស្និទ្ធបំផុត គាំទ្រក្រសួងសុខាភិបាលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដូចជា៖

* អង្គការសុខភាពពិភពលោក បានចូលរួមគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងសុខាភិបាល ដោយបានផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការក៏ដូចជាតាមរយៈការអភិវឌ្ឍ និងការអនុវត្តផែនការមេឆ្លើយតបទៅនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ របស់កម្ពុជា និងនាពេលអនាគត។

* ការត្រៀមលក្ខណៈ៖ អង្គការសហប្រជាជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីត្រៀមលក្ខណៈប្រព័ន្ធសុខាភិបាលមូលដ្ឋានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខ និងបុគ្គលិកសង្គមការទិញការផ្គត់ផ្គង់សុខភាព និងឧបករណ៍ការពារផ្ទាល់ខ្លួន ចែកចាយទំនាក់ទំនងហានិភ័យ និងអនុវត្តវិធានការសុខភាពសាធារណៈ។

* ការចាក់ថ្នាំបង្ការ៖ អង្គការ WHO និងUNICEF បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយតិចជាង ១%។

* វ៉ាក់សាំងកូវីដ-១៩៖ អង្គការសហប្រជាជាតិ បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់គោលដៅ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ៥៣,៧លានដូស (៥.៩លានដូស កម្ពុជាទទួលបានតាមរយៈ COVAX Facility)៕