សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្រប់ជំនាន់ មានការគិតគូរខ្ពស់ ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺមានការគិតគូរខ្ពស់ ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺថាធ្វើម្ដេចឲ្យប្រជាពលរដ្ឋខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លៀសវៃ និងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសយើង កាន់តែលឿន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជារងគ្រោះ ដោយសារសង្គ្រាមគ្មានឱកាស ប៉ុន្ដែជំនាន់បច្ចុប្បន្នមានឱកាស ដែលយើងកសាងមូលដ្ឋាន ប៉ុន្ដែអ្វីដែលសំខាន់ គឺត្រូវជំរុញឲ្យជំនាន់កូនចៅយើង កាន់តែរឹងមាំ ដោយគិតគូរសុខភាព និងគិតគូរពីចំណេះដឹងសមត្ថភាព និងឱកាស ដើម្បីអាចរកការងារ និងធានានូវសមត្ថភាព។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឲ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបាន ការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីដែលជាក្ដីសង្ឃឹម របស់បងប្អូននិយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺអាចទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាខ្លួនឯង ក៏ប៉ុន្ដែការផ្ដល់ក្ដីសង្ឃឹម និងអនាគតភ្លឺស្វាងកូនចៅ ដែលជាក្ដីប្រាថ្នារបស់បងប្អូន។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត៕