រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦


នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងផ្សព្វផ្សាយដំណើរការសិក្ខាសាលា សមារណកម្ម ផែនការ ឃុំ/ សង្កាត់ ស្រុក/ក្រុង នៃខេត្តស្ទឹងត្រែង ក្រោមវត្តមាន ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម ធូ ចាន់ពៅ បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគ សម្រាប់ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ពិតជាមានសារសំខាន់ណាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននិងអ្នកពាក់ព័ន្ធនានា និងឈានដល់ការឆ្លើយតបតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសនោះគឺធ្វើការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ។

ជាចុងក្រោយ ឯកឧត្តម ធូ ចាន់ពៅ រំពឹងទុកថា រដ្ឋបាលខេត្ត ក្រុង ស្រុក ដែគូអភិវឌ្ឍន៍ អង្គការមិនមែនដ្ឋាភិបាល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ដែលចូលរួមក្នុងវេទិការពិគ្រោះយោបល់ថ្ងៃនេះ បានយល់ពីគោលបំណងតម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាព ថវិការពីគ្នាទៅវិញទៅមក និងអាចឈានដល់មានការសម្របសម្រួលគ្នាដើម្បីអោយការវិនិយោគក៏ដូចការអភិវឌ្ឍន៍ទៅតាមមូលដ្ឋាននានា ប្រព្រឹត្តទៅដោយរលូន មានសង្គតភាព និងមានប្រសិទ្ធភាពខ្ពស់៕