រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញមន្រ្តីជំនាញខេត្តកណ្ដាល ចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានលឿនតាមផែនការ


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញមន្រ្តីជំនាញខេត្តកណ្ដាលចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានលឿនតាមផែនការ ពោលគឺសម្រចឲ្យខានតែបាននៅបំណាច់ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «មន្ត្រីយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សាខាពន្ធដារខេត្តកណ្ដាលដែលមានលោក ងួន សុវណ្ណ ជាប្រធាន ត្រូវរួមគ្នាជួយពន្លឿនការងារបង់ពន្ធសូន្យរបស់ពលរដ្ឋឲ្យបានលឿនរហ័ស និងរលូនផងដែរ ដើម្បីងាយស្រួលដល់ដំណើរ ចេញបណ្ណកម្មសិទ្ធិដល់ពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ទូទាំងប្រទេសកម្ពុជា ក្បាលដីជាង៥លាន នឹងត្រូវធ្វើបណ្ណ ដូច្នេះសូមមន្ត្រីយើងដែលពាក់ព័ន្ធទាំងអស់គ្នា មេត្តាផ្ដល់សេវាគាប់ចិត្ត ដើម្បីបញ្ឈប់វិវាទ ប្រែក្លាយរឿងនេះឲ្យមានការទុកចិត្តលើរដ្ឋបាលខេត្តស្រុកឃុំ ភូមិ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូនឧបករណ៍បច្ចេកទេស និងសម្ភារការិយាល័យមួយចំនួន​ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល។

ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានវាស់វែងបាន ១០៣,៦៧៣ ក្បាលដី, កំណត់ព្រំ, វិនិច្ឆ័យ, បញ្ចូលទិន្នន័យ៦៣,១៤៧ ក្បាលដី, បិទផ្សាយបាន ៤៤,៦៩៨ ក្បាលដី, សម្រេចចេញបណ្ណបាន ៣១,៩៦០ ក្បាលដី, ចែកបណ្ណបាន ៦១,៣៥៩បណ្ណ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានដាក់ចេញយុទ្ធនាការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាប្រភេទអចលនទ្រព្យអំណោយផ្ដាច់ ឬពន្ធសូន្យ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកទល់នឹងខែវិច្ឆិកា ឆ្នាំ២០២៣ គឺបានវាស់វែង ក្បាលដី បំពេញនីតិវិធីទាំងនៅសុរិយោដី និងពន្ធដាររួចរាល់ និងបានប្រគល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២៨,៥៨៤បណ្ណ៕