នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន- អាមេរិក នៅឥណ្ឌូនេស៊ី


បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ  អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន- អាមេរិក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ីបន្តទៀត។

ថ្លែងបើកកិច្ចប្រជុំលោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរដល់សហរដ្ឋអាមេរិកដែលបានធ្វើការជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីសន្តិភាព និងស្ថេរភាព។

លោកបន្តថា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន- អាមេរិក និងធ្វើជាសក្ខីភាពចំពោះអាស៊ាន និង សហរដ្ឋអាមេរិក និងភាពជាដៃគូរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមកផលប្រយោជន៍រួម ការយោគយល់គ្នា សន្តិភាព ស្ថេរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិច។

កិច្ចប្រជុំនេះ បានផ្តល់ឱកាសដ៏មានតម្លៃបំផុត សំរាប់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា និងការធ្វើឲ្យស៉ីជម្រៅនៃការយោគយល់គ្នា។

លោក ឡយដ៍ អូស្ទីន (Loyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និងវិបុលភាព នៅអាស៊ីអាគ្មេយ៍ ដើម្បីពង្រឹងភាពជាដៃគូរនៅទីនេះ។

លោកសង្កត់ធ្ងន់ថា អាស៊ានមានសារៈសំខាន់សម្រាប់កិច្ចសន្ទនា និងសហប្រតិបត្តិការក្នុងតំបន់ នេះជាមូលហេតុដែលធ្វើឲ្យសហរដ្ឋអាមេរិក ធ្វើការងារឲ្យកាន់តែស៊ីជំរៅជាមួយអាស៊ាននៅគ្រប់កម្រិត។

ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ភាពជាដៃគូអាស៊ាន-អាមេរិក បានបន្តប្ដេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាវិបុលភាពសម្រាប់តំបន់របស់យើង។

កិច្ចព្រមព្រៀងរវាងមេដឹកនាំអាស៊ាន-អាមេរិក ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីភាពទូលំទូលាយ និងស៊ីជម្រៅនៃទំនាក់ទំនងរបស់យើង និងបានបើកផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យការពារជាតិបន្ថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់តួនាទីស្ថាបនារបស់សហរដ្ឋអាមេរិកក្នុងតំបន់ រួមទាំងការចូលរួមយ៉ាងសកម្ម ក្នុងក្រុមការងារជំនាញនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus )។ សហរដ្ឋអាមេរិកបានធ្វើជាសហប្រធាន ក្រុមការងារជំនាញ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានចំនួន ៣លើករួចមកហើយ។

ឯកឧត្តមបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងធ្វើជាសហប្រធាននៃក្រុមការងារ ជំនាញជុំទី៥ លើវិស័យវេជ្ជសាស្ត្រយោធា ជាមួយនឹងប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាសូមគាំទ្រការរួមចំណែកដ៏មានតម្លៃបែបនេះ។

ឯកឧត្តមសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក, តែងតែជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ាន។ ស្របពេលដែលអាស៊ាន និងអាមេរិកកំពុងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ យើងក៏មានបំណងចង់បន្តធ្វើការជាមួយគ្នា ប្រកបដោយការជឿទុកចិត្តគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតំបន់ដែលទទួលបាននូវសន្តិភាព វិបុលភាព និងសន្តិសុខយូរអង្វែង៕