ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញដាក់ឲ្យប្រើប្រាស់ផ្លូវនៅទីក្រុងអរិយក្សត្រជាង ៣គីឡូម៉ែត្រ, អ្នកក្រុងអរិយក្សត្រ ត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណអាជ្ញាធរខេត្ត


ផ្លូវប្រវែង៣,២៤៩ ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងលូដោះទឹកអមសង្ខាងផ្លូវនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ វិថីថ្មីនេះ បានញ៉ាំងឲ្យប្រជាពលរដ្ឋក្រុងអរិយក្សត្រ មានការសប្បាយរីករាយត្រេកអរជាខ្លាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ និងលូដោះអមសង្ខាងផ្លូវ នាពេលនេះ ជាសមិទ្ធផល ដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើន ផ្សេងទៀតរបស់សង្កាត់អរិយក្សត ក្រុងអរិយក្សត្រ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។

ឯកឧត្តមអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ។

ឯកឧត្តមថា «នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ផ្លូវបេតុងអាម ប្រវែង ៣២៤៩ ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិអរិយក្សត្រ ភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សាងសង់ដោយឧកញ៉ា ភឺន ផល្លា និងបានប្រសិទ្ធិនាមថា «វិថី ឧកញ៉ា ភឺន ផល្លា» ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានណែនាំឲ្យបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកឧកញ៉ា ភឺន ផល្លី បានថ្លែងថា ក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍ក្រុងអរិយក្សត្រនេះឲ្យរីកម្រើន ជាទីក្រុងទំនើប ដោយមានសាងសង់បុរី វីឡា ខុនដូ និងអចលនទ្រព្យល្អឯកជាច្រើនផ្សេងទៀត ខណ:ដែលប្រទេស ជាតិយើងមានសុខសន្តិភាព និងកំពុងតែរីកលូតលាស់ទៅមុខជាលំដាប់៕