សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា និងក្រោយកម្ពុជាមានសន្តិភាពពេញ សាសនាទាំងអស់ទទួលបានឱកាសគោរពប្រតិបត្តិដូចៗគ្នា រក្សាបានសុខដុមរមនា


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយថ្ងៃរំដោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី អញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយចំនួន១១អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្ត​ចចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំងនៅឆ្នាំ១៩៥៣ ពេលនោះគ្រប់សាសនាទាំងអស់គឺចាប់ផ្ដើមមានសេរីភាពប្រតិបត្តិឡើងវិញ ប៉ុន្តែជាអកុសល នៅពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមនៅទសវត្សទី៧០ គ្រប់សាសនាទាំងអស់ក៏ត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលប្រតិបត្តិគ្រប់សាសនាទាំងអស់ត្រូវប៉ះពាល់ដោយសារសង្គ្រាម ពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ឆ្នាំ១៩៧៥-១៩៧៩ គ្រប់សាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ មិនថាព្រះពុទ្ធសាសនាថេរវាទ ពុទ្ធសាសនាមហាយាន គ្រិស្ដសាសនា ឬឥស្លាមសាសនានោះទេ។

សម្ដេចធិបតីបានបន្តថា ក្រោយថ្ងៃរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ឱកាសឱ្យសាសនិកមកពីគ្រប់សាសនាទាំងអស់ចូលរួមក្នុងជីវភាពសង្គមគ្រប់ទិដ្ឋភាព ទាំងនយោបាយ ទាំងសាសនា ទាំងសង្គម ក៏ដូចជាទាំងជួរមន្ត្រីរាជរដ្ឋាភិបាល គឺសុទ្ធតែមានការផ្ដល់ឱកាសដូចគ្នាសម្រាប់សាសនិកនៃសាសនាទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ដែលបានបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ គឺបានធ្វើឱ្យប្រជាពលរដ្ឋអ្នកកាន់គ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់ […..] អ៉ីចឹងការបញ្ចប់សង្គ្រាមនេះ គឺបានស្រោចស្រង់និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋយើងគ្រប់សាសនាទាំងអស់ ស្មើៗគ្នា»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែសិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗដោយគ្មានការរើសអើងឡើយ រហូតមកដល់ពេលនេះ ក្នុងប្រទេសកម្ពុជាគ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការជំរុញនូវសិទ្ធិសេរីភាពគោរពប្រតិបត្តិសាសនាជូនប្រជាពលរដ្ឋនៅកម្ពុជា គឺជាការចូលរួមកសាងនិងថែរក្សាបាននូវសុខដុមរមនាក្នុងវិស័យសាសនា ដែលអាចនិយាយបានថា «នៅកម្ពុជាគ្មានសាសនាណាមួយប្រកាន់និន្នាការជ្រុលនិយមនោះទេ ទោះបីនៅក្នុងសាសនានីមួយៗមានការបែងចែកនិកាយផ្សេងៗគ្នាក៏ដោយ»៕