សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ឈានចូល៧២ឆ្នាំ


សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសដ៏មហាជ័យមង្គលនៃចម្រើនជន្មាយុគម្រប់៧១ ឈានចូល៧២ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា។

ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនា អបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយនឹងការគោរពជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចមហារដ្ឋសភាធិការធិបតី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា៖ «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះគុណបំណាច់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុង ការរួមចំណែករំដោះជាតិមាតុភូមិ ប្រជាជន រហូតដល់មានភាពសម្បូណ៍សប្បាយរុងរឿង និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាព ឈានឡើងជាបន្តបន្ទាប់។ សម្តេចមហារដ្ឋសភាធិការធិបតី បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ការទូតសភាជាមួយបណ្តាប្រទេសដទៃ ជាពិសេសចូលរួមក្នុងវេទិកាអន្តរជាតិសភា និងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី នីតិរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក»។

ជាថ្មីម្ដងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេច មហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមជួបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕