សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសទិវាចម្រើនជន្មាយុ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ក្នុងអភិមង្គលដ៏ប្រពៃថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងនាមខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជា បានកាន់តែថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា៖ «ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ សម្ដេចរដ្ឋសភាធិបតី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ជម្នះរាល់ការលំបាកក្នុងការបំពេញភារកិច្ច ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយគតិបណ្ឌិត ឆន្ទៈមោះមុត ប្រាជ្ញាឈ្លាសវៃ ក្នុងការគ្រប់គ្រង ដឹកនាំ និងដោះស្រាយរាល់បញ្ហា រក្សាបានភាពឈ្នះ ឈ្នះ ទទួលបាននូវក្តីគោរពស្រឡាញ់ និងការជឿទុកចិត្តពីមហាជនគ្រប់មជ្ឈដ្ឋាន រហូតក្លាយជាប្រមុខដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ បន្តពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ ក្នុងបេសកកម្មមនុស្សធម៌ សម្ដេចរដ្ឋសភាធិបតី បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យបានរឹងមាំដូចបច្ចុប្បន្ននេះ ក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

ក្នុងទិវាសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»