កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ប្រារព្ធពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន


នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Juan Miguel Zubiri ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ប្រារព្ធធ្វើឡើងក្រោមមូលបទ «ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព» ដោយមានវត្តមានគណៈប្រតិភូសភាសមាជិកAPPF ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីពិធីបើកជាផ្លូវការរួចមក កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នឹងបន្តកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញនានាគឺ៖ ១-កិច្ចប្រជុំសមាជិកសភាជាស្ត្រី ២-គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣-គណៈកម្មាធិការ ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៤-គណៈកម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាតុមូលសម្រាប់សមាជិកសភាវ័យក្មេង ផងដែរ។

តាមការគ្រោងទុក ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំនានារបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធានគណៈប្រតិភូសភាឡាវ វៀតណាម និង ប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ មានសមាជិកចូលរួមចំនួន២០ប្រទេស ព្រមទាំងអង្គការនិងប្រតិភូសង្កេតការណ៍មួយចំនួនផងដែរ៕