រាជរដ្ឋាភិបាលកម្ពុជា បន្តអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធ របស់ផលិតករភាពយន្តក្នុងស្រុក រយៈពេល ៥ឆ្នាំបន្ថែមទៀត


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធ របស់ផលិតករភាពយន្តក្នុងស្រុក រយៈពេល០៥ឆ្នាំទៀត (២០២៤-២០២៨)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានបញ្ជាក់នៅលើក Facebook ផ្លូវការរបស់ខ្លួនថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចផ្ដល់ការលើកទឹកចិត្ត ក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖

១៖ អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក)
២៖ អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ
៣៖ អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING SOCIAL ENTERPRISE)។

ក្រសួងបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ ផលិតករភាពយន្តក្នុងស្រុក និងសៀក ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ កត់ត្រា និងកាន់កាប់បញ្ជីកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរ ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ពន្ធដារនៅកម្ពុជា៕