កម្ពុជា ជាប់ឆ្នោតជា ប្រធាន និងជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រួតពិនិត្យឡើង លើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារអបអរសាទរ ចំពោះកម្ពុជាដែលត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី២នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័ន ពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក។

សម្តេចធិបតី បានបញ្ជាក់ថា៖ កម្ពុជា គ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣ រួមមាន ៖

១៖ ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២៖ ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង
៣៖ ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

សម្តេចបានបន្តថា ជាងនេះទៅទៀត កម្ពុជា នឹងរៀបចំឱ្យមានជាសេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា «សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan» ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរជូនចំពោះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សហគមន៍សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។

សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។

សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕