នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ជំនួបកិច្ចពិភាក្សានេះមានគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដោយការប្រើប្រាស់បច្ចេកវិទ្យា ទប់ស្តាត់ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ដើម្បីចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួយជំរុញការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយនឹងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រួលដល់ការពិនិត្យ និងផ្ទៀតផ្ទាត់បង្កាន់ដៃពន្ធគយ និងលតាប័ត្រ ដោយស្វ័យប្រវត្តិពេលចុះបញ្ជីយានយន្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើអោយមានការតភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងសម្រួលដល់ ការផ្ទេរកម្មសិទ្ធិយានយន្ត អោយមានលក្ខណៈ ងាយស្រួល លឿន និងកាត់បន្ថយការក្លែងបន្លំឯកសារពន្ធប្រថាប់ត្រាដើម្បីផ្ទេកម្មសិទ្ធិយានយន្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការលើកឡើងអំពីទិសដៅក្នុងការធ្វើកំណែទម្រង់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងការងារពន្ធគយ និងការងារពន្ធដារ ដែលមានទិសដៅស្របគ្នាជាមួយ និងការស្នើសុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានស្នើសុំអោយមានការចែករំលែកព័ត៌មានមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ ដើម្បីប្រើប្រាស់ក្នុងការពង្រឹងផ្តល់សេវា ឈានទៅរកការកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈ។
ជាមួយកិច្ចពិភាក្សាដ៏មានភាពស្និទ្ធស្នាល និងមានទិសដៅស្របគ្នា ឯកឧត្តមទេសរដ្ឋមន្ត្រីទាំងពីរ បានធ្វើការឯកភាពទៅលើសំណើរសុំរបស់ខ្លួនរៀងៗខ្លួន ហើយបានបង្ហាញពីការតាំងចិត្តក្នុងការជំរុញកិច្ចការងារនេះ តាមរយៈការរៀបចំអោយមានក្រុមការងារបច្ចេកទេស អន្តរក្រសួង ដើម្បីធ្វើការពិភាក្សាលម្អិត រៀបចំផែនការសកម្មភាពក្នុងរយៈពេលខ្លី និង អភិវឌ្ឍ Web Service / API តភ្ជាប់ប្រព័ន្ធ អោយបានយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០១៨។