សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់វិមាននយោបាយឈ្នះឈ្នះ ជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វិមាននយោបាយឈ្នះឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ខណៈការកសាងវិមាននយោបាយឈ្នះឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ តែវិមានឈ្នះឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យក្មេងជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «សមិទ្ធផលវិមានឈ្នះឈ្នះ បានបង្ហាញពីការរៀបរាប់ រាល់ព្រឹត្តិការណ៍ និងការវិវត្តន៍នៃដំណើរការជាតិខ្មែរ និងប្រវត្តិសាស្ត្រខ្មែរ សម្រាប់ប្រជាជន និងយុវជនជំនាន់ក្រោយ ការកសាង សំណង់ប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់នូវអត្ថន័យខ្លឹមសារ និងទ្រង់ទ្រាយនៃវិមានតំណាងឱ្យអត្ថន័យ នៃនយោបាយឈ្នះឈ្នះ ព្រមទាំងការជីកកាយលាតត្រដាងទិដ្ឋភាព នៃដំណើររឿងប្រវត្តិសាស្ត្រទាំងអស់ឱ្យក្លាយ ទៅជាអត្តសញ្ញាណតាមរយៈការបង្ហាញនូវដួងព្រលឹងជាតិ និងជានិមិត្តរូបនៃការរួបរួមសាមគ្គី ការអភិវឌ្ឍ ព្រមទាំងជាមេរៀនជាក់ស្តែងសម្រាប់ប្រវត្តិសាស្ត្រខ្មែរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទីតាំងសាង់សងវិមានឈ្នះឈ្នះ គឺជាទីតាំងអំណោយផល ប៉ុន្តែទម្រាំបានសាង់សងសមិទ្ធផលដែលយើងបានឃើញនៅថ្ងៃនេះ គឺមិនមែនចេញជារូបរាងដោយធម្មតានោះទេ ទាំងទីតាំង ទាំងដី ទាំងការចរចា ទាំងការកៀរគរថវិកា ការរៀចំប្លង់មេដ៏មានអត្ថន័យ និងការកសាង ត្រូវគិតគូរយ៉ាងម៉ត់ចត់ និងពុះពារខ្លាំង។

«បើគ្មានការប្តេជ្ញាចិត្តខ្ពស់នៅទីនេះសាងសង់មិនបាននោះទេ ហើយខ្ញុំ ជាសាក្សីផ្ទាល់ចំពោះការប្តេជ្ញាចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការដាក់ទិសដៅ ធ្វើយ៉ាងណាដើម្បីកសាងនូវវិមានប្រវិត្តសាស្ត្រនេះ ឱ្យបានតាំងពីដើមនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមការងារពុះពាររហូតសាងសង់វិមានឈ្នះឈ្នះនេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ព្រមទាំងអរគុណ នាយឧត្តមឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ទាំងទិដ្ឋភាព ប្រវត្តិសាស្ត្រ ដើម្បីភ្ជាប់នៅតាមទីតាំងនានាក្នុងវិមានឈ្នះឈ្នះ ដើម្បីឱ្យបានពេញនូវអត្ថន័យនៃវិមានប្រសាស្ត្រ ដែលរៀបរាប់អំពីប្រវត្តិរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិមានឈ្នះឈ្នះ សាងសង់ឡើង ជានិមិត្តរូបនៃខ្មែរទាំងអស់គ្នាសង់ឡើងជានិមិត្តរូបនៃសន្តិភាព សាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា មិនមែនដើម្បីលើកតម្កើងសម្ដេចតេជោ ហ៊ុន សែន ឡើយ៕