សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិ សាស្ត្រមិនអាចកាត់ថ្លៃបាន។

សម្តេចធិបតី ថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ទូលបង្គំព្រះករុណាខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតី អបអរសាទរខួប លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក នៃសុខសន្តិភាព។ ពិធីនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរំលឹកនូវការបញ្ចប់សង្គ្រាម ស៉ីវិលរ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានជាង ៥០០ឆ្នាំ ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងស្របពេលពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ចូល២០២៤ ក្រោមបរិយាកាសរីករាយ និងស្មារតីជាតិខ្ពស់ ដែលទូលបង្គំព្រះករុណាខ្ញុំ យកឱកាសនេះ ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ នៅក្នុងពិធីដ៏មហោឡារឹកនេះ នៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ ទាំងមូល ដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទុកជាកេរតំណែលប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយ»

សូមជម្រាបថា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្ត​ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់​សង្គ្រាម​ស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញ​លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។

ការរៀបចំព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែល​ជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃ​នៃនយោបាយ​ឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និងជាការបង្កើន​ការ​យល់​ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការ​បន្តថែរក្សា​ស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ៕