គ.ជ.ប សម្រេចលើបញ្ជីបោះឆ្នោតដំបូង មានការិយាល័យបោះឆ្នោត ៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន ១១,៧៤៧នាក់


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះដែរលោក ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នាថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៤ ម្សិលមិញ ថាបន្ទាប់ពីបានពិនិត្យឃើញថាត្រឹមត្រូវអស់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នន័យអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបោះពុម្ពជាពីរច្បាប់ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

លោក ហេង ស៊ីឡេង បានឱ្យដឹងថា គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន ១១.៧៤៧នាក់ ក្នុងនោះរួមមាន៖

*តំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥នាក់ ស្ត្រី ១៧នាក់
*ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន ១១.៦២២នាក់ ស្ត្រី ២.៥៦៨នាក់។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបន្តថា ដោយអនុវត្តតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះបោះឆ្នោត ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្លូវការ ដែលមានរក្សាទុកជាឯកសារនៅ គ.ជ.ប។

លោក ហេង ស៊ីឡេង បានឱ្យដឹងថា បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន ៤ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់។ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវរក្សាទុកច្បាប់ដើមនៃបញ្ជីបោះឆ្នោតដំបូង ដែល គ.ជ.ប បានពិនិត្យសម្រេចរួចហើយ ១ច្បាប់ ជាឯកសារនៅ គ.ជ.ប និងត្រូវវេចខ្ចប់តាមការិយាល័យបោះឆ្នោតនីមួយៗ ដោយឡែកពីគ្នានូវបញ្ជីបោះឆ្នោតដំបូងច្បាប់ដើម ១ច្បាប់ និងច្បាប់ថតចម្លង ៤ច្បាប់ រួចបញ្ជូនទៅ គធ.ខប ឱ្យបានទាន់ពេលវេលាមុនការកំណត់ឱ្យបិទផ្សាយ។

ពេលទទួលបានកញ្ចប់បញ្ជីបោះឆ្នោតដំបូង គធ.ខប ត្រូវដករក្សាទុកច្បាប់ដើម ១ច្បាប់ ជាឯកសារ និងត្រូវចាត់ចែងបិទផ្សាយច្បាប់ចម្លងយ៉ាងតិច ៤៨ថ្ងៃមុនថ្ងៃបោះឆ្នោតដោយត្រូវបិទផ្សាយ ដូចខាងក្រោម៖

*នៅ លគធ.ខប ១ច្បាប់
*នៅកន្លែង ៣ផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ច្បាប់។

តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់អ្នកបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះ បញ្ជីបោះឆ្នោតដំបូងនេះ នៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។

គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបាន ដោយបង់ថ្លៃ។ តម្លៃនេះ ត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតក៏អាចទទួលបាននូវទិន្នន័យនៃបញ្ជីបោះឆ្នោតតាមទម្រង់ P D F ដែលមានបង្ហោះតាមគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH)៕