កម្ពុជា និងរុស្ស៊ី គ្រោងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម


Russia 24 03 16 2 copy

     កម្ពុជា និងរុស្ស៊ី នៅ​សប្តាហ៍​ក្រោយ​នេះ គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​លើក​ទី៩ នៃ​គណៈ​កម្មការ​អន្តរ​រដ្ឋា​ភិបាល​កម្ពុជា-រុស្ស៊ី សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម សេដ្ឋ​កិច្ច វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស ។ កិច្ច​ប្រជុំ​រវាង​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ខាង​មុខ​នេះ នឹង​ធ្វើ​នៅ​ក្រសួង​ការ​បរទេស​កម្ពុជា រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង ជា​មួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​គមនា​គមន៍ ​ និង​ព័ត៌មាន នៃ​សហ​ព័ន្ធ​រុស្ស៊ី ឯកឧត្តម នីកូឡៃ នីគីហ្វូ​រ៉ូហ្វ ដែល​នឹង​អញ្ជើញ​មក​ដល់​កម្ពុជា​សប្តាហ៍​ក្រោយ ។

     យោង​តាម​ក្រសួង​ការ​បរ​ទេស​កម្ពុជា កិច្ច​​ប្រជុំ​នា​សប្តាហ៍​ក្រោយ​នេះ ក៏នឹង​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ នៃ​កិច្ច​ប្រជុំ​លើក​ទី៩ នៃ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិ​បាល​កម្ពុជា-រុស្ស៊ី សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋ​កិច្ច វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស​ផង​ដែរ ។

     ដំណើរ​របស់​រដ្ឋ​មន្ត្រី​រុស្ស៊ី​នា​សប្តាហ៍​ក្រោយ គឺ​ជា​ដំណើរ​ទស្សន​កិច្ច​បន្ត​មួយ​ បន្ទាប់​ពី​ទស្សន​កិច្ច​របស់​លោក​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ ដែល​ពេល​នោះ លោក​បាន​អញ្ជើញ​ជួប​សម្តេច​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។ សេចក្តី​រាយ​ការណ៍​បាន​បង្ហាញ​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង​គមនា​គមន៍​រុស្ស៊ី នីកូឡៃ នីគីហ្វូរ៉ូហ្វ ជម្រុញ​ការ​ហោះ​ហើរ​ផ្ទាល់​ពី​រុស្ស៊ី មក​កម្ពុជា ដើម្បី​បង្កើន​វិស័យ​ទេស​ចរណ៍​វិនិយោគ​រវាង​ប្រទេស​ទាំង​២ ។

     សេច​ក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ត្រៀម​ចរចា​រក​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សហ​ភាព​សេដ្ឋ​កិច្ច Eurasia ដែល​នឹង​ជួយ​ជម្រុញ​ទំនាក់​ទំនង​រវាង​រុស្ស៊ី​… រវាង​ប្រទេស​ជា​សមាជិក​នៃ​សហ​ភាព​សេដ្ឋ​​កិច្ច Eurasia និង​ប្រទេស​កម្ពុជា​ផង​ដែរ ។ សហ​ភាព​សេដ្ឋ​កិច្ច Eurasia គឺ​ជា​សហ​ភាព​សេដ្ឋ​កិច្ច​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​អឺរ៉ុប និង​អាស៊ី ដែល​មាន​ប្រជា​ជន​សរុប​ចំនួន​ប្រមាណ ១៨៣​លាន​នាក់ និង​ដែល​មាន​ GDP ផល​ទុន​ក្នុង​ស្រុក​សរុប​ជាង ៤ទ្រី​លាន​ដុល្លារ​អាមេរិក

     ក្នុង​ដំណើរ​ទស្សន​កិច្ច​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ កន្លង​មក​នោះ​ផង​ដែរ រដ្ឋ​មន្ត្រី​រុស្ស៊ី ឯកឧត្តម នីកូឡៃ នីគីហ្វូ​រ៉ូហ្វ បាន​បញ្ជាក់​ការ​សន្យា​ប្រឹង​ប្រែង ដើម្បី​បង្កើន​ពាណិជ្ជ​កម្ម​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​២ ដោយ​រុស្ស៊ី ​នឹង​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​វិនិយោគ​ទុន​ធំៗ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ពិចារ​ណា​ការ​បណ្តាក់​ទុន និង​ការ​ធ្វើ​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​វិនិយោគ​ទុន​របស់​រុស្ស៊ី ក្នុង​ប្រទេស​កម្ពុជា បាន​ស្ថិត​ក្នុង​ចំណោម Top Ten នៃការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា ដែល​ភាគ​ច្រើន​ត្រូវ​គេ​ឃើញ​តាម​រយៈ​ការ​វិនិយោគ​មុខ​របរ​សណ្ឋាគារ និង​រមណីយ​ដ្ឋាន ។

Russia 24 03 16 3 copy  Russia 24 03 16 4 copy