នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ការខ្វះខាតនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធតាមខេត្ត និងបានជម្រុញមន្ត្រីក្រោមបង្គាប់ត្រូវធ្វើការយកចិត្តទុកដាក់លើបញ្ហានោះ ។
ប្រសាសន៍កត់សម្គាល់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៥ និងលើកទិសដៅការងារឆ្នាំ ២០១៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមិនា នេះ ។ សម្តេចក្រឡាហោម បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាមូលដ្ឋានខ្លះ ខ្វះខាតច្រើនដូចជាសាលាឃុំ និងប៉ុស្តិ៍នគរបាលជាដើម ។ សម្តេចក្រឡាហោម បានថ្លែងថា ក្រសួងមហាផ្ទៃនឹងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីធ្វើពន្ធនាគារមួយនៅខេត្តពោធិសាត់ ដែលគ្រោងធ្វើនៅលើផ្ទៃដីប្រមាណ ៨០០ហិកតា ។ សម្តេចក្រឡាហោម នៅបានលើកឡើងអំពីការផ្តល់អាទិភាពខ្ពស់ ក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស និងបានស្នើឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមអង្គភាពនីមួយៗផងដែរ ។
ទាក់ទងនឹងបញ្ហាចរាចរណ៍ សម្តេចក្រឡាហោម បានកត់សម្គាល់ករណីចំនួនមនុស្សស្លាប់ និងរងរបួសដោយចរាចរណ៍ក្នុងខែមីនានេះ បានធ្លាក់ចុះគួរអោយកត់សម្គាល់… និងសម្តេចបានលើកទឹកចិត្តឱ្យជម្រុញកិច្ចការនេះបន្ថែមទៀត ដើម្បីសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មុននេះ មានតួលេខបង្ហាញថា គឺក្នុងមួយថ្ងៃៗមានមនុស្សប្រមាណពី៦ ទៅ ៧នាក់បានស្លាប់ និងប្រមាណជាង២០នាក់ បានរងរបួស ។ ក្នុងរយៈពេល២៣ថ្ងៃនេះ ខែមីនានេះ មនុស្សដែលបានស្លាប់ដោយចរាចរណ៍ ត្រូវគេសរុបមានសារុបចំនួន ៩៣នាក់ ស្មើនឹង ៤នាក់ ក្នុងមួយថ្ងៃ និងមានអ្នករងរបួសធ្ងន់ស្រាលចំនួន ៣៥៦នាក់ ដែលស្មើនឹងចំនួន ២៣នាក់ ក្នុងមួយថ្ងៃៗ ។