សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក អ៉ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម អំឡុងពេលសម្តេចទស្សនកិច្ចនៅប្រទេសជប៉ុន


រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យលោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo អំឡុងពេលសម្តេចទស្សនកិច្ចនៅប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅព្រលានយន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។

លោក អ៉ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន នាពេលកន្លងមកនិងតទៅអនាគត។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា។ ភាគីមិត្តក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ២០០០ម៉្លេះ។

ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ បានលើកទឹកចិត្តនិងស្នើឱ្យភាគីជប៉ុនបន្តជួយកម្ពុជាក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» ឱ្យបានជោគជ័យ៕