សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ក៏ដូចឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ លើជីវភាពរស់នៅ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ក៏ដូចឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ លើជីវភាពរស់នៅរបស់ពួកគាត់ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានគិតគួពីជីវភាព សុខភាព និងការប្រកបការងាររស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងយ៉ាងដូច្នេះ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទ្ធ សណ្ឋាគារសុខា សៀមរាប ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត និងប្រធាន អនុប្រធានគណបក្សខេត្ត និងអស់លោក លោកស្រីប្រធាន អនុប្រធានសាខាបក្សមន្ទីរ អង្គភាព គណបក្សក្រុង ស្រុក ឃុំសង្កាត់ ប្រមាណជា ៧០០នាក់ចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានបញ្ជាក់ពីរបាយការណ៍សង្ខេប ស្តីពីលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដោយបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្ត និងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្ត គោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធ ដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តថា ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងមុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ព្រមទាំងលើកផងដែរ អំពីសមិទ្ធផលធំៗ ដែលខេត្តទទួលបានផងដែរ។ ក្នុងនោះដែរ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន សំដៅចូលរួមដោះ ស្រាយបញ្ហាប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

បន្ទាប់ពីការប្រកាសសេចក្តីសម្រេច ក្នុងការកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងការប្រគល់សេចក្តីសម្រេចរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក និងអាជ្ញាធរខេត្ត ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដចតុកោណ នាពេលកន្លងមក សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឲ្យខេត្តទទួលបានអសនះ ១០០%។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើឲ្យជួរថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ត្រូវមានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើម ចំពោះគណបក្សបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឲ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់គណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងកម្មវិធីគោលនយោបាយ របស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន។ ពិសេសត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារនូវសមិទ្ធផលនានា របស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស មានរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្រោយពេលសមាជិកក្រុមការងារ ទទួលបាននូវតួនាទី ភារកិច្ច ការចាត់តាំងរបស់គណបក្ស និងសេចក្តីសម្រេចរបស់អង្គសន្និបាតគណបក្ស ក្រុមការងារទាំងអស់ត្រូវបន្តរួមគ្នាឲ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឲ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និង ផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតនៅគ្រប់អាណត្តិក្រោយៗទៀតផង៕