អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់ប្រធានអង្គភាពមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ នូវភាពត្រឹមត្រូវនៃសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៤-២០២៦


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាស់តឿនប្រធានអង្គភាពមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ នូវភាពត្រឹមត្រូវនៃសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៤-២០២៦ ដើម្បីអនុវត្តក្នុងអង្គភាពបានល្អប្រសើរ។

ឯកឧត្តម ងួន រតនៈ បានអញ្ជើញដឹកនាំប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៤-២០២៦ នៅសាលប្រជុំខេត្តកំពង់ធំ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថា នេះគឺជាការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៤-២០២៦ ដូច្នេះប្រធានអង្គភាពត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ​មុនដាក់ឆ្លងក្រុមប្រឹក្សាដើម្បីពិនិត្យ និងអនុម័ត។

ឯកឧត្តមបញ្ជាក់ថា អង្គភាពមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធកិច្ចការងារនេះ ដែលជាអ្នកទទួលខុសត្រូវ សូមយកចិត្តទុកដាក់ពិនិត្យឡើងវិញ នូវភាពត្រឹមត្រូវនៃសេចក្តីព្រាង ដែលបានផ្តល់ជូននាពេលនេះ ដើម្បីឲ្យសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ នឹងត្រូវបានពិនិត្យ កែសម្រួលកាន់តែល្អថែមទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបន្ថែមថា ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្រាប់អនុវត្តដោយផ្តោតលើបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះគន្លឹះ អាទិភាព៥ ដែលត្រូវអភិវឌ្ឍគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ហើយដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានកំណត់គោលដៅយុទ្ធសាស្រ្ត៥គឺ៖
១៖ ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តនានា
២៖ បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាពលរដ្ឋ ពិសេសយុវជន
៣៖ សម្រេចឲ្យបានគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តទាញទម្លាក់ឲ្យនៅក្នុងកម្រិតជាអប្បបរមា
៤៖ ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
៥៖ ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕