សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល និងលើកទឹកចិត្តដល់និវត្តជន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ចាម និងត្បូងឃ្មុំ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

យោងតាមរបាយកាណ៍របស់លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ សមាគមបានបំពេញបេសកកម្ម និងអនុវត្តរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនា​សម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។

ក្នុងពិធីនោះផងដែរ លោក អ៊ុន ចាន់ដា បានលើកឡើងថា អតីតកាលនៃនិវត្តជន គឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមគំនិតបង្កើត នូវសមាគមសិង្គហៈមិត្តនេះឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ដែលជាយន្តការទំនាក់ទំនង ក្រោមគំនិតផ្តួចផ្តើមរបស់ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិកកិត្តិយសនៃ​សមាគម​សិង្គហៈមិត្ត, លោកបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ប្រធានកិត្តិយស​សមាគម និងលោកស្រី កែវ ចរិយា ជាប្រធានក្រុមប្រឹក្សាភិបាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់នៃសមាគម បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសាៈសំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាពនៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ ​និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ «បង្គោលចរឆ្នាំ២០៣០» គឺកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ និងបន្តគាំទ្រឱ្យសម្រេចបាន «ចក្ខុវិស័យឆ្នាំ២០៥០» គឺកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់និវត្ដន៍ជនតាមលំនៅដ្ឋាននីមួយៗជាបន្តបន្ទាប់ទៀត ដូចជា៖ ការចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម។ បន្ថែមលើនេះ ផ្ដាំផ្ញើដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅទូទាំងខេត្តកំពង់ចាម និងខេត្ដត្បូងឃ្មុំនេះ បន្តអនុវត្តតាមគោលនយោបាយ និងកម្មវិធី​កំណែ​ទម្រង់ស្នូល​របស់រាជរដ្ឋាភិបាល​រួមមាន៖ កម្មវិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់​​វិមជ្ឈការនិងវិសហ​មជ្ឈការ ដើម្បីកសាង និង​អភិវឌ្ឍសង្គមកម្ពុជា​ឱ្យកាន់តែមាន​ការរីក​ចម្រើនជាលំដាប់។

សម្រាប់និវត្តជន ដែលបានចូលរួមថ្ងៃនេះ ក៏បានទទួលអំណោយពីលោកស្រី អ៉ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន បុរសទទួលបានក្រមា ០១ និងថវិកា ២០ម៉ឺនរៀល ចំណែកស្ត្រីទទួលបាន​សំពត់សឹង ០១ក្បិន និងថវិកា ២០ម៉ឺនរៀល៕