រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានជំនឿ១០០ភាគរយថា នៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើរហូត៦០ភាគរយ


ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញជំនឿជឿជាក់១០០ភាគរយថា នៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអព្យាក្រឹតកាបូន ដែលមានភាពស្រស់ស្អាត និងកម្របព្រៃឈើរហូតទៅដល់៦០ភាគរយ ឬអាចលើសនេះក៏ថាបាន។

ការបង្ហាញជំនឿបែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងស្របទៅតាមច្បាប់ យុទ្ធនាការដាំកូនឈើចំនួន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ រួមជាមួយនឹងនិន្នាការបច្ចុប្បន្នដែលប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្មេង និងយុវជន កាន់តែច្រើនឡើងមានការយល់ដឹងពីសារៈសំខាន់របស់ដើមឈើ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណេត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រនិងអនុម័តឱ្យអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។

ក្នុងឱកាសផ្តល់ទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញជំនឿយ៉ាងដូច្នេះថា៖ «យើងមានសុទិដ្ឋិនិយម មានជំនឿ១០០ភាគរយ នៅក្នុងឆ្នាំ២០៥០ យើងនឹងទទួលបានកម្ពុជាមួយដែលមានអព្យាក្រឹត្យកាបូន ហើកម្ពុជាមួយដែលមានភាពស្រស់ស្អាត កម្របព្រៃឈើរហូតទៅដល់៦០ភាគរយ ឬលើសហ្នឹង។ តាមចរន្តដែលកំពុងវិវត្តន៍នៅក្នុងសង្គមយើង ក្នុងការទាមទារចង់បានភាពស្អាត សម្រាប់កម្ពុជា ចរន្តនេះកំពុងតែដើរលឿនខ្លាំង ជាពិសេសក្នុងស្រទាប់សិស្សានុសិស្ស និងយុវជន»

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើយុវជន ពួកគេចង់បានភាពស្អាតហើយនេះជាចរន្តមួយមិនមែនសម្រាប់តែជំនាន់នេះនោះទេ ប៉ុន្តែ សម្រាប់មនុស្សគ្រប់ជំនាន់តទៅ។ មានន័យថាយុវជនជំនាន់នេះនាំគ្នាឈប់ប្រើប្រាស់ថង់ប្លាស្ទិក នោះយុវជនជំនាន់ក្រោយក៏នឹងឈប់ប្រើថង់ប្លាស្ទិក ដូចគ្នា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តាមការយៈការចូលរួមផ្សព្វផ្សាយ និងការស្រឡាញ់ដើមឈើនោះ ពួកគាត់ ព្រមទាំងកូនចៅគាត់ជំនាន់ក្រោយក៏នឹងមិនកាប់ដើមឈើនោះដែរ។

«អញ្ចឹងខ្ញុំមានជំនឿជឿជាក់ ១០០ភាគរយថា ចលនារបស់យើង ជាចលនាមិនមែនសម្រាប់តែរយៈពេលខ្លី គឺជាចលនារយៈពេលវែង ហើយក៏ជាចលនាកំពុងតែមានសក្តានុពល ដែលជាកម្លាំងចលករជំរុញទៅមុខ»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឲ្យមានប្រសិទ្ធភាព ដែលក្នុងនោះទី១ គឺការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ ទី២ ពង្រឹងសហការឲ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សជាង ៧លានហិកតា ឬស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។ កន្លងមក កម្ពុជាបានលក់កាបូនក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត នៅដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី។ ថវិកាដែលទទួលបានពីការលក់កាបូន គឺយកទៅអភិវឌ្ឍសហគមន៍ និងអភិរក្សតំបន់ការពារធម្មជាតិផ្សេងៗ៕