ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងលោក លោកស្រី មន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំរៀបចំឡើងដើម្បីប្រកាសជាផ្លូវការ នូវការរៀបចំសមាសភាពគណៈកម្មការសម្របសម្រួលគម្រោង ក៏ដូចជាសមាសភាពក្រុមការងារជំនាញតាមផ្នែកទាំង៦ នៃលេខាធិការដ្ឋានរបស់គណៈកម្មការ។ មួយផ្នែកទៀត អង្គប្រជុំបានលើកឡើងអំពី តួនាទីភារកិច្ច និងការទទួលខុសត្រូវ ដើម្បីជម្រាបជូនដល់សមាជិក សមាជិកា នៃគណៈកម្មការ និងក្រុមការងារជំនាញតាមផ្នែកនីមួយៗ នៃលេខាធិការដ្ឋាន ឱ្យបានជ្រាបកាន់តែច្បាស់។

គណៈកម្មការសម្របសម្រួលគម្រោង ត្រូវបានបង្កើតឡើងតាមរយៈប្រកាសលេខ ៣០៨សក.ប្រក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីសម្របសម្រួល តម្រង់ទិស និងសម្រេចលើការរៀបចំគោលនយោបាយ គោលការណ៍ និងផែនការអភិវឌ្ឍប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងលើការងារសាងសង់ ស្ដារឡើងវិញ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន។

តាមរយៈគោលបំណងនៃការបង្កើត គណៈកម្មការសម្របសម្រួលគម្រោង នេះដែរ តួនាទីភារកិច្ច និងការទទួលខុសត្រូវចម្បងរបស់គណៈកម្មការគឺ៖ ពិនិត្យ និងសម្រេចលើការចាត់តាំងសមាសភាពនៃក្រុមរៀបចំគម្រោង (Project Preparation Team – PPT), អង្គភាពគ្រប់គ្រងគម្រោង (Project Management Unit – PMU) និងអង្គភាពអនុវត្តគម្រោង (Project Implementation Unit PIU) ក៏ដូចជាពិនិត្យ និងសម្រេចលើការចាត់តាំងសមាសភាពនៃគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម (Procurement Review Committee – PRC), គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃទំនិញ និងសំណង់ (Bid Evaluation Committee – BEC) និងគណៈកម្មការវាយតម្លៃឯកសារជ្រើសរើសទីប្រឹក្សាគម្រោង (Consultant Evaluation Committee – CEC) សម្រាប់គម្រោងដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង។

បន្ថែមពីនោះគណៈកម្មការសម្របសម្រួលគម្រោង ត្រូវជំរុញតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការនានា ព្រមទាំងតាមដានវាយតម្លៃប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារ ការរៀបចំរបាយការណ៍ផ្សេងៗ និងប្រមូលចងក្រង ព័ត៌មានទិន្នន័យលើវឌ្ឍនភាពគម្រោងទាំងអស់ពីអង្គភាពពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងផងដែរ៕