សម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ ឯកភាពរួមគ្នាប្រឆាំង​នយោបាយជ្រៀតជ្រែកផ្ទៃក្នុង


សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធាន​គណបក្សរុស្ស៉ីរួបរួម បានឯកភាពរួមគ្នាប្រឆាំងរាល់ទម្រង់នយោបាយជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុង​នៃប្រទេស​ទាំងពីរ។

ការឯកភាពគ្នាប្រឆាំងរាល់ទម្រង់នយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង​សម្តេច​តេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ​មេដឹកនាំ​នៃគណបក្សទាំងពីរ បានបង្ហាញពីការមើលឃើញច្បាស់អំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិ​ការ​គ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត។

មេដឹកនាំទាំងពីរយល់​ឃើញ​ថា ការជ្រៀតជ្រែកកិច្ច​ការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែង​ដល់សន្តិ​សុខ​ជាតិរៀងៗខ្លួន ដូច្នេះប្រទេសទាំងពីរត្រូវរួបរួមគ្នាធ្វើយ៉ាងណា កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់ប្រទេស​នីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់៕