ក្នុងនាមកម្ពុជាជាប្រធាន, ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នឹងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃអនុសញ្ញាអូតាវ៉ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃអនុសញ្ញាអូតាវ៉ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងនាមកម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា)។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត លី ធុជ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំមួយចំនួន នៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២២-២៧ ខែមករា ឆ្នាំ២០២៤ នៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយរួមមាន៖

*គណៈកម្មការស្តីពីការត្រួតពិនិត្យអនុលោមភាពសហប្រតិបត្តិការ
*គណៈកម្មការសម្របសម្រួល
*ក្រុមការងារសម្របសម្រួលការធ្វើសាកលភាវូបនីយកម្ម
*សិក្ខាសាលាត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។

ក្រៅពីដឹកនាំកិច្ចប្រជុំដែលជាកាតព្វកិច្ចរបស់ប្រធានអនុសញ្ញាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្តី លី ធុជ នឹងជួបពិភាក្សាការងារជាមួយក្រុមការងារនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បីស្វែងរកការគាំទ្របន្ថែមដល់អនុញ្ញាអូតាវ៉ា៕