លោកជំទាវ ឃួន ឃុនឌី៖ ក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត ត្រូវថែទាំសុខភាព និងការពារសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ ត្រៀមចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ក្រុមប្រឹក្សាចៅសង្កាត់ដែលជាអង្គបោះឆ្នោតដ៏សំខាន់ ត្រូវតែថែទាំសុខភាព និងការពារសុខសុវត្ថិភាព ឱ្យបានល្អ។

លោកជំទាវបានថ្លែងដូចនេះ នៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងគូសសន្លឹកឆ្នោតសាកល្បងដល់សមាជិកសមាជិកាគណបក្សក្រុងស្ទឹងសែន ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវបានក្រើនរំលឹកដល់សមាជិកសមាជិកាទាំងអស់ នូវគោលការណ៍អាទិភាពសំខាន់ៗមួយចំនួន៖

*ទី១៖ ត្រូវត្រួតពិនិត្យមើលឯកសារពាក់ព័ន្ធនានាឲ្យបានមុនពិសេស គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀមរៀបចំ និងទុកដាក់នៅកន្លែងមានសុវត្ថិភាព ដើម្បីងាយស្រួលសម្រាប់យកមកប្រើប្រាស់ក្នុងការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

*ទី២៖ ត្រូវថែទាំសុខភាពឱ្យបានល្អ ពីព្រោះសុខភាពនេះជាកត្តាចម្បងបំផុត ដែលត្រូវតែយកចិត្តទុកដាក់ និងមិនអាចមើលរំលងបានឡើយ ពីព្រោះនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ក្រុមការងារមួយចំនួននឹងមកជួបជុំគ្នា ឬក៏សម្រាកជាមួយគ្នា ដែលធ្វើឲ្យពួកគាត់សម្រាកមិនលក់ ជជែកគ្នាដល់យប់ជ្រៅពេក ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះយើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ។

*ទី៣៖ សមាជិកសមាជិកាដែលជាអង្គបោះឆ្នោតទាំងអស់ ត្រូវតែការពារសុវត្ថិភាពឱ្យបានល្អ ពីព្រោះបញ្ហាសុវត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតកលាក់មុខ។

លោកជំទាវនៅតែទទូចម្ដងហើយម្ដងទៀត ដល់សមាជិកសមាជិកាទាំងអស់ ត្រូវធ្វើយ៉ាងណាគិតគូរពីបញ្ហាទាំងអស់នេះដោយមិនឲ្យមានការធ្វេសប្រហែសឡើយ ហើយយើងត្រូវចងចាំថា យើងគឺជាថ្នាក់ដឹកនាំដល់ឆ្នើម នៅថ្នាក់មូលដ្ឋាន ហើយយើងក៏ជាបុគ្គលគំរូដែលបងប្អូនប្រជាពលរដ្ឋ ផ្ដល់ទំនុកចិត្ត និងគាំទ្រជ្រើសតាំងជាតំណាងដែលមិនអាចខ្វះបានឡើយ ហើយយើងក៏ជាកម្លាំងដ៏រឹងមាំក្នុងការគាំទ្ររាជរដ្ឋាភិបាល និងការផ្ដល់ទំនុកចិត្តខ្ពស់ ជូនដល់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខសម្រាប់ជាគេដំណែលដល់កូនចៅជំនាន់ក្រោយ។

នៅទីបញ្ចប់លោកជំទាវ ឃួន ឃុនឌី សូមជូនពរដល់សមាជិកក្រុមការងារទាំងអស់ មានសុខសុវត្ថិភាព និងចូលរួមការបោះឆ្នោតនាពេលខាងមុខនេះឲ្យបានគ្រប់គ្នា។ សូមបញ្ជាក់ថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងការឃោសនា និងបោះឆ្នោតសាកល្បងនេះមានចំនួន៣៧នាក់៕