រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំលើកទី១ ស្តីពីការសម្របសម្រួលរវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២៣


(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១ ស្តីពីការសម្របសម្រួលរវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៣ លើវិស័យធនធានទឹកនៅកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានទាំងអស់ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ធនាគារកូរ៉េ EXIMBANK អង្គការJICA, KOICA, IFAD, UNDP, UNICEF, FAO, តំណាងស្ថានទូតអូស្រ្តាលី និងតំណាងស្ថានទូតសហភាពអ៊ឺរ៉ុបជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំ ជាពិសេសបណ្តាដៃគូអភិវឌ្ឍន៍ដូចជា AFD, សហភាពអឺរ៉ុប និងគម្រោងកម្មវិធី WAT4CAM_TA-ISWM ដែលបានជួយឧបត្ថម្ភគាំទ្រដល់កិច្ចប្រជុំនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ នាពេលកន្លងទៅ និងស្វែងរកនូវធាតុចូលបន្ថែម ក៏ដូចជាការគាំទ្រនានាពីដៃគូអភិវឌ្ឍន៍ដើម្បីធានាឱ្យ ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់នូវអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងនោះការអភិវឌ្ឍវិស័យធនធានទឹកនៅតែជាវិស័យមួយដែលត្រូវបានយកចិត្តទុកដាក់។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៤-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧។ ដូចគ្នានឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០១៩-២០២៣ ដែរ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ គឺទាមទារនូវភាពជាដៃគូ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកជួយដល់ការអនុវត្តឱ្យទទួលបានជោគជ័យ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយម និងជឿជាក់ថា កិច្ចពិភាក្សានាឱកាសនេះនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ជំរុញភាពជាដៃគូ ពង្រឹងការយល់ដឹង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តរភាពនៅកម្ពុជា ជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕