សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរដ្ឋាភិបាលចិន បន្តជួយអភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន «គម្រោងព្រែកជីកតេជោ-ហ្វូណន ផ្លូវរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដី»


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរដ្ឋាភិបាលចិន និងក្រុមហ៊ុនវិនិយោគរបស់ចិន បន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ការជំរុញឱ្យរដ្ឋាភិបាលចិនមកបន្តជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ស្របពេលដែលពេលកំណើនប្រជាជន និងជីវភាពរបស់ពលរដ្ឋកម្ពុជាកាន់តែសម្បូរបែប ធ្វើឱ្យមធ្យោបាយធ្វើដំណើរមានកាន់តែច្រើន ដែលទាមទារឱ្យមានការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានភាពប្រទាក់ក្រឡាគ្នាឱ្យបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតីបានគូសបញ្ជាក់ថា មិត្តចិនតែងតែបានយកចិត្តទុកដាក់ក្នុងការជួយស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានទាំងនៅក្នុងទីប្រជុំជន តំបន់ព្រំដែន តំបន់ដាច់ស្រយ៉ាល និងតំបន់ដែលមានភាពស្មុគ្រស្មាញ និងកក់ស្ទះចរាចរណ៍ ដើម្បីបម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡាគ្នា នៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរនូវផ្លូវជាមួយបណ្តាប្រទេសជិតខាងតាមតម្រូវការ និងរីកចម្រើននៃប្រទេសជាតិ។
ជាក់ស្តែង មកទល់បច្ចុប្បន្ននេះសាធារណរដ្ឋប្រជាមានិតចិនបានជួយសាងសង់ស្ពាននៅកម្ពុជាបានសរុប១៦ ខណៈស្ពានចាក់អង្រែ ព្រែកប្រានេះ គឺជាស្ពានទី១៦ ដែលបានសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលក្រុមហ៊ុនចិននេះ បានសាងសង់ស្ពានធំៗចំនួន១៤ ក្នុងចំណោមស្ពានធំៗទាំង១៦នេះ ។

សម្តេចធិបតីបានបន្ថែមថា «ការជួយជ្រំជ្រែង និងការជួយឧបត្ថម្ភគាំទ្រទាំងនេះ បានធ្វើឱ្យមិត្តចិនក្លាយជាប្រទេសលំដាប់ទីមួយដែលបានផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសម្រាប់ការកសាងអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តាមរយៈឯកអគ្គរាជទូតចិន សូមជួយលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណព្រែកជីកតេជោ-ហ្វូណន ណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗដទៃទៀតផងដែរ»

សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសូមអរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងជាដៃគូរសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍននៅកម្ពុជា នៅគ្រប់វិស័យ និងគ្រប់កាលៈទេសៈទាំងអស់ដែលមិនមានលក្ខខណ្ឌស្មុគ្រស្មាញ៕