សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានមិនអនុគ្រោះឲ្យជនណាប្រឌិតរឿងអាក្រក់ពីកម្ពុជា ដើម្បីបានអ្នកទស្សនាច្រើនលើបណ្តាញសង្គមនោះឡើយ, ខណៈមានអ្នកអន្តរាគមន៍ជួយចិនតៃវ៉ាន់២នាក់ តែត្រូវបានសម្តេចបដិសេធ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានព្រមានធ្ងន់ៗដោយមិនអនុគ្រោះឲ្យជនណាទាំងអស់ ដែលប្រឌិតរឿងអាក្រក់ៗពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីតែទទួលបានអ្នកចូលទស្សនាច្រើននៅលើបណ្ដាញសង្គម។

ពីលើវេទិកាក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អ្នកដែលយកកម្ពុជាផលិតវីដេអូ ដើម្បីបានអ្នកទស្សនាច្រើន នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ហើយក្រោយចាត់វិធានការច្បាប់ហើយនោះ នឹងត្រូវដេញចេញពីកម្ពុជាតែម្ដង។

សារព្រមានរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីសប្ដាហ៍កន្លងទៅនេះ មានជនជាតិចិនតៃវ៉ាន់២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ សម្ដែងជាអំពើចាប់ជំរិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដើម្បីបានអ្នកចូលទស្សនាច្រើន រួចផលិតផលតាមអនឡាញ ជាប្រយោជន៍ផ្ទាល់ខ្លួន។

ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ហើយត្រូវបានសាលាដំបូងខេត្ត សម្រេចផ្ដន្ទាទោសតាមច្បាប់ ដោយដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៤លានរៀល។ បើតាមការបញ្ជាក់ថា ក្រោយអនុវត្តទោសចប់នៅប្រទេសកម្ពុជា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ នឹងត្រូវបណ្ដេញចេញពីកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការយល់ច្រឡំមួយចំនួន ពិសេសប្រជាពលរដ្ឋនៅចិនដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កាលពីថ្ងៃទី១៤ យើងចាប់ពីរនាក់ក្មេងៗតៃវ៉ាន់ គាត់ជ្រើសរើសកម្ពុជាថតរឿងចាប់ជំរិត។ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឲ្យមនុស្សរាប់សែន រាប់លាននាក់ ដែលមើល TikTok គាត់ថាខ្មែរអសមត្ថភាពដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ តើនេះឬជាការស្រលាញ់មកប្រជាជនកម្ពុជា យើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងទេ ឥលូវចាប់ដាក់គុក»

ទាក់ទិនករណីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានអ្នកតវ៉ាស្វែងរកកិច្ចអន្ដរាគមន៍ដើម្បីជួយដល់យុវជនចិនតៃវ៉ាន់ទាំង២នាក់នេះ ក្រោយហេតុផលថា ម្ដាយរបស់ពួកគេកំពុងឈឺហើយកំពុងសម្រាកព្យាបាលជំងឺ ប៉ុន្ដែត្រូវបានសម្ដេចបដិសេធ ហើយស្ដីបន្ទោសត្រឡប់ទៅវិញថែមទៀត។ សម្ដេចថា បើម្ដាយឈឺយុវជនទាំងពីរនាក់នេះ ជាកូនអកត្តញ្ញូមិននៅមើលម្ដាយ បែរជាជិះយន្ដហោះមកបំផ្លាញកិត្តិយសប្រទេសគេទៅវិញ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, តាមរយៈការផលិតវីដេអូប្រឌិតបែបនេះ បានបំផ្លាញដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាល បានបន្ថែមទៀតថា កន្លងទៅក្រៅពីករណីប្រឌិតរឿងចាប់ជំរិត ជនបរទេសមួយចំនួននោះ បានប្រឌិតរឿងជួញដូរសិរីរាង្គនៅប្រទេសកម្ពុជាថែមទៀតផង ដើម្បីតែទទួលបានជំនួយជាផលប្រយោជន៍ផ្ទាល់ ប៉ុន្ដែករណីទាំងអស់នេះក៏ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ និងលាតត្រដាងការពិតទៅកាន់មហាជន ពិសេសមតិអន្ដរជាតិ ជៀសវាងការយល់ច្រឡំ និងគិតខុសមកកម្ពុជា៕