សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករទូកក្ដោងកម្ពុជា ក្រោយឈ្នះមេដាយជើងឯកអាស៊ី ២គ្រឿង នៅសិង្ហបុរី


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរកីឡាករទូកក្ដោងកម្ពុជា ២រូប គឺកីឡាករ សែម ប្រុសពៅ និងកីឡាករ កែវ ភារុណ ដែលដណ្ដើមបានមេដាយ ២គ្រឿង ពីការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកនៅប្រទេសសិង្ហបុរី លើកទី៤៣ និងការប្រកួតកីឡាទូកក្ដោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024)។

ព្រឹត្តិការណ៍អន្ដរជាតិ ដែលសិង្ហបុរីធ្វើម្ចាស់ផ្ទះនេះ គឺបានដំណើរការប្រកួតពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្ពុជាបានបញ្ជូនប្រតិភូកីឡាទូកក្ដោង ៥រូបចូលរួម ក្រោមការដឹកនាំរបស់លោក ចាន់ វាសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក រួមជាមួយកីឡាករ ៤រូប គឺកីឡាករ សែម ប្រុសពៅ, កែវ ភារុណ, ហេន សុភី និងកីឡាករ កែវ ភានុន។ ការប្រកួតកម្រិតទ្វីបអាស៊ីនេះមានអត្តពលិកចូលរួមប្រមាណ ៧០នាក់ មកពី ៨ប្រទេស រួមមានកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន ហ្វីលីពីន ឥណ្ឌា និងម្ចាស់ផ្ទះសិង្ហបុរី។

ជាលទ្ធផលបច្ចេកទេសនៃព្រឹត្តិការណ៍ 43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024 នេះ ក្រុមអត្តពលិកកីឡាទូកក្ដោងកម្ពុជា ទទួលបានសមិទ្ធផលយ៉ាងល្អប្រសើរ ដោយដណ្ដើមបានមេដាយ ២គ្រឿង ក្នុងនោះកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងចំណោមកីឡាករចំនួន ៨រូប លើវិញ្ញាសា Windsurfing Techno 293 Plus Open ដែលត្រូវបានបំពាក់មេដាយកាលពីម្សិលមិញ។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៤ ដែលក្រុមកីឡាករទូកក្តោងកម្ពុជា ដណ្ដើមបានមេដាយកម្រិតទ្វីបអាស៊ី ពីការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងលោក ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី ចេញទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។

បន្ទាប់ពីទទួលបានជោគជ័យខាងលើ សហព័ន្ធក៏មានគម្រោងបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួតលក្ខណៈអន្ដរជាតិជាបន្ដបន្ទាប់ទៀតដែរ ដូចជាការត្រៀមចូលរួមព្រឹត្តិការណ៍ Thailand Windsurfing Championship 2024 (Event2) នៅប្រទេសថៃ នាដើមខែមីនាខាងមុខជាដើម ដើម្បីប្រកួតប្រជែងដណ្តើមមេដាយជូនជាតិបន្ថែមទៀត៕