ឯកអគ្គរដ្ឋទូតឆែក អបអរសាទរពីសមិទ្ធផលសម្រេចបាន សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា


តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងសហការី ដែលបំពេញបេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលដំណើរការរៀបចំនេះកម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក។

លោក Martin Vavra បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោក Martin Vavra នឹងលើកយកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា៕