ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ សេវាករអគ្គិសនីនៅតែអាចវិនិយោគបន្តទៀត តែត្រូវអនុវត្តតាមគោលនយោបាយ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តបង្កើតឱកាសដល់សេវាករអគ្គិសនីក្នុងការផ្ដល់សេវាកម្មអគ្គិសនីបន្តទៀត ប៉ុន្តែបន្ទាប់ពីបានទទួលសិទ្ធិវិនិយោគហើយ សេវាករក៏ត្រូវមានកាតព្វកិច្ចអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ សូម្បីអគ្គិសនីកម្ពុជា (EDC) ក៏ត្រូវអនុវត្តដូចគ្នា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអគ្គិសនីជនបទ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ដឺ ព្រីមៀរ សិនធឺ សែនសុខ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបង្កើតឱកាសដល់សេវាករអគ្គិសនីក្នុងការរួមចំណែកវិនិយោគលើការផ្ដល់សេវាកម្មអគ្គិសនីនៅប្រទេសកម្ពុជាបន្តទៅទៀត ពោលគឺមិនធ្វើជាតូបនីយកម្មអគ្គិសនីនោះទេ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា បន្ទាប់ពីបានទទួលសិទ្ធិវិនិយោគហើយ សេវាករក៏ត្រូវមានកាតព្វកិច្ចអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ សូម្បីអគ្គិសនីកម្ពុជា (EDC) ក៏ត្រូវអនុវត្តដូចគ្នា ដូចជា ថ្លៃអគ្គិសនីត្រូវអនុវត្តតាមបញ្ជីនិងកញ្ចប់ថ្លៃរបស់អាជ្ញាធរអគ្គិសនី ដែលជាអាជ្ញាធរឯករាជ្យក្រោមច្បាប់ក្នុងការកំណត់ថ្លៃលក់អគ្គិសនី ពោលទាំងអគ្គិសនីកម្ពុជា (EDC) និងសេវាករអគ្គិសនីត្រូវអនុវត្តឱ្យបានត្រឹមត្រូវដូចគ្នា មិនអាចយកថ្លៃជាងការកំណត់ថ្លៃរបស់អាជ្ញាធរអគ្គិសនីបានឡើយ។ លក្ខខណ្ឌនិងថ្លៃសេវាកម្មតភ្ជាប់បណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋ ក៏ដូចគ្នាដែរ គឺអនុវត្តតាមច្បាប់តែមួយ ហើយប្រសិនបើអគ្គិសនីកម្ពុជា (EDC) និងសេវាករអគ្គិសនីឯកជនអនុវត្តខុសគោលការណ៍ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ រាជរដ្ឋាភិបាលក៏មានតែការលើកទឹកចិត្តបន្ថែមទៀតតាមរយៈការបង្កើតឱកាសផ្សេងៗទៀត ដើម្បីឱ្យអ្នកវិនិយោគក្នុងប្រទេសអាចមានលទ្ធភាពពង្រីកការវិនិយោគបន្ថែម សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបន្តការរីកចម្រើនទៅមុខ ពិសេសគឺពង្រឹងនិងពង្រីកបណ្ដាញអគ្គិសនីរបស់ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា អគ្គិសនីកម្ពុជា (EDC) និងបណ្ដាសេវាករអគ្គិសនី គឺជាដៃឆ្វេងដៃស្ដាំដែលត្រូវការគ្នាទៅវិញទៅមក ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋ និងជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល។

ជាមួយគ្នានោះ លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ បានឱ្យដឹងថា បច្ចុប្បន្នមានសេវាករអគ្គិសនីកំពុងដំណើការអាជីវកម្មចំនួន៤២៧អាជ្ញាបណ្ណនៅទូទាំងប្រទេស ហើយសមាគមអគ្គិសនីជនបទតែងតែចែករំលែកព័ត៌មាននានាដល់គ្រប់សេវាករទាំងអស់ ទាំងសេវាករជាសមាជិក និងមិនទាន់ជាសមាជិក។

លោកប្រធានបានបន្តថា សមាគមអគ្គិសនីជនបទមានទិសដៅជំរុញការយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពថាមពល និងការផ្ដល់សេវាដល់អ្នកប្រើប្រាស់ ពិសេសគឺធានាការអនុវត្តតាមគោលនយោបាយ ច្បាប់ គោលការណ៍ លក្ខខណ្ឌនានាឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាឱ្យរីកលូតលាស់បន្តទៅទៀត៕