ឯកឧត្តម ឆាយ ឫទ្ធិសែន ណែនាំឱ្យមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំថ្នាក់ដឹកនាំនិងមន្ទីរក្រោមឱវាទក្រសួងអនុវត្តវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំនិងមន្ទីរក្រោមឱវាទយកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យសមិទ្ធផលដែលសម្រេចបាន និងលើកទិសដៅបន្ត ព្រមទាំងជួយបំពេញនូវធាតុចូលបន្ថែម ដើម្បីរៀបចំរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅបន្តឱ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបានណែនាំឱ្យនាយកដ្ឋានជំនាញត្រូវពិនិត្យលើលទ្ធផលនៃការវាយតម្លៃសាកល្បងភូមិគំរូដែលបានចុះត្រួតពិនិត្យរួច និងត្រូវបន្ដចុះធ្វើការវាយតម្លៃភូមិគំរូដទៃទៀត តាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ត្រូវបន្ដអនុវត្តផែនការមេផ្លូវជនបទ និងត្រូវសិក្សាជាគម្រោងលម្អិតបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្ដែង។ បន្ដធ្វើកំណែទម្រង់នីតិវិធីរំហូរឯកសាររដ្ឋបាល និងទម្រង់របាយការណ៍រួមឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ត្រៀមឈានទៅអនុវត្តរដ្ឋាភិបាលឌីជីថលនៅក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តមបានបន្តណែនាំឱ្យបន្តអនុវត្តនូវបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងដែលបានដាក់ចេញ ដោយពង្រឹងវត្តមានមន្ដ្រី និងគុណភាពការងារ តាមរយៈការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមអេឡិចត្រូនិកឱ្យឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានណែនាំថា «ត្រូវគាំទ្រនិងចូលរួមអនុវត្តវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»

ចំពោះការជ្រើសរើស និងការចាត់តាំងមន្ដ្រី ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យត្រូវផ្អែកលើគុណាធិបតេយ្យ កម្រិតចំណេះដឹង ជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងអង្គភាព។ ត្រូវបន្ដចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយ ក្នុងខណៈដែលប្រទេសជាតិទាំងមូលកំពុងមានសន្ទុះអភិវឌ្ឍក្រោមម្លប់សន្ដិភាពពេញបរិបូរណ៍។

ឯកឧត្តមណែនាំឱ្យត្រៀមរៀបចំចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕