សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិ។

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។

ពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ខាងលើនេះ បានរៀបចំធ្វើឡើង នៅឯវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិយើង»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩ លានរៀល (ប្រមាណ៧៨ម៉ឺនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស, មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ, ជាពិសេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និង សមិទ្ធផល លើវិស័យកីឡាគួរជាទីមោទនៈជូនជាតិមាតុភូមិ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និង ទំនាក់ទំនងអន្តរជាតិ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់៕