ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ជាលើកដំបូង នៅដើមខែក្រោយ ក្រោមអធិបតីភាពសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «រាត្រីសមោសរ សំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងបន្ទាប់ពីមានការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការគាំទ្រសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។

ក្នុងសន្និសីទសាព័ត៌មាន បង្ហាញពីការត្រៀមរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» នៅសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា កម្មវិធីរាត្រីសមោសរនេះ មានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបិយរបស់ដូនតាខ្មែរ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ កម្មវិធីនេះ ជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។

លោកជំទាវបញ្ជាក់ថា៖ «គោលបំណងរបស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា»

ការរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ បើតាមការគ្រោងទុកកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុម្មុខ។

នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរសាធារណជន សិស្ស និស្សិត និងភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕