ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទទួលការ សាងសង់អណ្តូងទឹកស្អាត និងស្រះទឹក នៃប្រទេសចិន


នៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ លោក Qia Zhimin អគ្គនាយកក្រុមហ៊ុន Beijing Dadi Mining Exploration and Development Co. Ltd CNNC និងសាជីវកម្ម Nuclear Shaft and Roadway Engineering Group បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំដែងនូវការអរគុណចំពោះ ប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់ជំនួយឥតសំណងដល់កម្ពុជាសម្រាប់ការជីកអណ្តូងទឹកស្អាត ចំនួន ៨៤៦ អណ្តូង ស្រះទឹកចំនួន ៤៥ ស្រះ និងស្តារ និងរៀបជើងតេស្រះទឹកចំនួន ២៨ ស្រះនៅក្នុងខេត្តចំនួន ៦ គឺខេត្តកំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង កណ្តាល កំពង់ស្ពឺ និងត្បូងឃ្មុំ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើក ឡើងថា ជំនួយឥតសំណងនេះពិតជាបានជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទឲ្យមានទឹកស្អាតប្រើប្រាស់នៅគ្រប់រដូវកាល ហើយក៏បានបង្ហាញពីកិច្ចសហប្រត្តិបត្តការគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិននៅក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម បន្ថែមថា ពីមុនប្រជាពលរដ្ឋកម្ពុជា ធ្លាប់តែបានឃើញជំនួយរបស់ចិន សម្រាប់ការសាងសង់ផ្លូវវែងៗ និងស្ពានធំៗ តែឥឡូវភាគីចិនបានជួយវិស័យទឹកស្អាតនៅតាមជនបទថែមទៀត ដែលជាកាយវិការដ៏សប្បុរស នៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គម ជាពិសេសជួយកាំពារសុខភាពប្រជាពលរដ្ឋកម្ពុជានៅជនបទតាមរយៈការផ្គត់ផ្គង់ទឹកស្អាត់។ ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមទទួលការខាងលើឲ្យយកចិត្តទុកដាក់កសាងអណ្តូង និងស្រះទឹកខាងលើឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងសម្រេចឲ្យបានទៅតាមផែនការរបស់គម្រោង ព្រមទាំងបានសន្យាផ្តល់ការគាំទ្រ និងកិច្ចសហប្រត្តិបត្តការឲ្យអស់ពីលទ្ធភាពរបស់ក្រសួងផងដែរ ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់ភាគីចិនឲ្យបន្តនូវការកៀរគរជំនួយឥតសំណង មកដល់កម្ពុជាបន្ថែមទៀត ជាពិសេសជួយដល់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួងសំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជនបទឲ្យមានភាពល្អប្រសើរ ៕