ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជា សមាជិកព្រឹទ្ធសភា នីតិកាលទី៥


នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ឱ្យធ្វើជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ការបោះឆ្នោតនេះមានបេក្ខជនចំនួន៤រូប ក្នុងនោះ ឯកឧត្តម សុខ ឥសាន ទទួលបានសន្លឹកឆ្នោតយល់ព្រម ចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ចំណែក ឯកឧត្តម ហេង ហាក់លីម ទទួលបានសន្លឹកឆ្នោត យល់ព្រមចំនួន ១១២សំឡេង។

កិច្ចប្រជុំវិសាមញ្ញរដ្ឋសភានេះ បានធ្វើឡើង ក្រោមអធិបតិភាព សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមបោះឆ្នោតពី តំណាងរាស្រ្តក្នុងតំណែងចំនួន១១៣រូប។

យោងទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា មានចំនួនពាក់ណ្តាលនៃសមាជិករដ្ឋសភា ពោលគឺ៦២រូប ក្នុងនោះ មាន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, ២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមរយៈមតិភាគច្រើន។ ចំណែកសមាជិកដទៃទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

តាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ស្មើនឹង៥៥អាសនៈ ខណៈដែលគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ។ ការរៀបចំព្រឹទ្ធសភា នឹងធ្វើឡើងក្រោយប្រកាសលទ្ធផលផ្លូវការ ខាងមុខនេះ៕