ការចុះបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នឹងចាប់ផ្តើមនៅថ្ងៃស្អែក


ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា និងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ការឱ្យដឹងបែបនេះរបស់ ឯកឧត្តម ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ទម្រង់បែបបទលេខ ១០០៨ មានផ្តល់ជូនដោយឥតគិតថ្លៃ ដែលគណបក្សនយោបាយអាចមកទទួលយកនៅទីស្តីការ គ.ជ.ប លគធ.ខប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh (http://www.nec.gov.kh/) ក៏បាន។

ជាមួយគ្នានេះដែរ លោកបានបន្តថា ការមានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

– មានសញ្ជាតិខ្មែរពីកំណើត
– មានអាយុយ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤
– មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ដោយ ច.ប.ក
– បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកល លើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។
 * ដោយឡែកសម្រាប់ភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន៖

– សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល និងចៅក្រម

– សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
– អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
– សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
– សមាជិក គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តី បុគ្គលិកបម្រើការងាររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
– មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិក្នុងមុខតំណែង
– មន្រ្តីបុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់
– ជនដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ
– ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ដែលមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច
– ជនដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប
– ព្រះសង្ឃ ឬបព្វជិតសាសនា។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា លក្ខខណ្ឌ និងបែបបទក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី-បេក្ខជនឈរឈ្មោះ៖

*គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) ចំនួន ២ច្បាប់។
*ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណប ក្ស នយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។
*ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយលើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវភ្ជាប់មកជាមួយនូវ៖

– សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាសេចក្តី-ចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ១ច្បាប់។

គណបក្សនយោបាយត្រូវផ្ញើសេចក្តីចម្លងប្រកាសនេះ ១ច្បាប់ មក គ.ជ.ប ដើម្បីតម្កល់ទុក ហើយសម្រាប់ការដាក់ពាក្យសុំចុះបញ្ជីនៅ គធ.ខប គណបក្សនយោបាយគ្រាន់តែថតចម្ល ងសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (ទ.១០០៨)។

– ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ

– អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ និងអាសយដ្ឋានទីស្នាក់ការរបស់គណបក្សនយោបាយនៅតាមរាជធានី ឬខេត្ត ឬក្រុង ឬស្រុក ឬខណ្ឌ

– បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រភេទក្រុមប្រឹក្សានីមួយៗ។ បញ្ជីនេះត្រូវមានចំនួនបេក្ខជនពេញសិទ្ធិ និងបម្រុងដែលមានចំនួនបេក្ខជនយ៉ាងតិច ២ដង នៃចំនួនអាសនៈក្រុមប្រឹក្សាណាមួយដែលគណបក្សនយោបាយនោះ មានបំណងចូលរួមប្រកួតប្រជែង

– សេចក្តីបញ្ជាក់ពីអាជ្ញាធរឃុំ សង្កាត់ អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ដែលសាមីបេក្ខជននោះបានចុះឈ្មោះបោះឆ្នោត

– សេចក្តីប្រកាសរបស់គណបក្សនយោបាយថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផល បោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងចូលរួមអនុវត្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងក្រមសីលធម៌របស់ គ.ជ.ប

– សេចក្តីប្រកាសរបស់បេក្ខជនយល់ព្រមឱ្យគណបក្សនយោបាយតែងតាំងខ្លួនជាបេក្ខជន ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕