ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកស្រី អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានធ្វើជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស អគ្គាធិការស្ដីទី អគ្គនាយករង ប្រធាន អនុប្រធានាយកដ្ឋាន ប្រធាន អនុប្រធានកាតិយាល័យ និងមន្ត្រីរាជការជាស្រ្ដីទាំងអស់សរុប ២៨៥​ រូប។

លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួង បានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីមាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

ឯកឧត្តម ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួង បានអានរបាយការណ៍សង្ខេបពីស្ថានភាពមន្រ្តីរាជការនៅក្នុង ក្រសួងអភិវឌ្ឍន៍ជនបទមន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ១៤៦០នាក់ ស្ត្រី ចំនួន ៤០៣ នាក់ ស្មើនឹង២៧ %។ ក្នុងនោះ ទីស្តីការក្រសួងមានចំនួន ៦៣៧នាក់ ស្រ្តី ១៩២ នាក់ ស្មើនឹង ៣០%។ ដោយឡែកតាមមន្ទីរទាំង២៥ ខេត្ត ក្រុង មានចំនួន ៨២៣នាក់ ស្រ្តី២១១នាក់ គិតជាភាគរយស្មើនឹង ២៥,៣% ។

ស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំ និងតួនាទីជារដ្ឋលេខាធិការសរុប ៣២នាក់ ស្រី ០៤ នាក់ ស្មើនឹង ១២,៥% ជាអនុរដ្ឋលេខាធិការសរុប ២៦នាក់ ស្រ្តី ០៣ នាក់ ស្មើនឹង ១១,៥%។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្ដីក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយក ប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតលេីបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ ៧មករា ឆ្នាំ១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេ ដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តល់នូវការណែនាំ និងអនុសាសន៍មួយចំនួនដូចខាងក្រោមនេះ៖

១-ថ្នាក់ដឹកនាំត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងពិនិត្យមើលសមាសភាពស្ត្រីនិងផ្តល់ឱកាសដល់ស្ត្រី ក្នុងការទទួលបានតួនាទី និងឋានៈក្នុងអង្គភាពនីមួយៗ ក្រោមចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។

២-គ្រប់នាយកដ្ឋាន និងគម្រោងត្រូវបង្កើនកិច្ចសហការល្អជាមួយក្រុមការងារយេនឌ័រ ដើម្បីបព្រាប ទស្សនៈយេនឌ័រ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរនៃការអនុវត្តកម្មវិធី និងតម្រោង។

៣-ក្រុមការងារយេនឌ័រត្រូវធ្វើការបញ្ជាបយេនឌ័រក្នុងជួរថ្នាក់ដឹកនាំគ្រប់កម្រិតដើម្បីបង្កើនការ យល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃការចូលរួមរបស់ស្ត្រី ។

៤-ថ្នាក់ដឹកនាំជានាយកដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលមានផ្ទៃពោះ​ និងមានកូនតូចដោយផ្តល់ការអនុគ្រោះ​ ពេលវាលាសម្រាប់ដង្ហែមាតុភាព និងមើលថែកូនបានល្អ ។

៥-ក្រុមការងារយេនឌ័រត្រូវបន្តផ្សព្វផ្សាយអំពីទស្សនៈទានយេនឌ័រទៅដល់សហគមន៍ ដើម្បីចូលរួម ផ្លាស់ប្តូរផ្ទាត់គំនិតប្រជាពលរដ្ឋនៅជនបទ ជាពិសេសស្ត្រីដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ និងចូលរួមថែរក្សាសមទ្ធផលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈគោលនយោបាយនានាជាធរមាន ។

៦-ស្ត្រីគ្រប់រូបត្រូវបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យស្របតាមបរិវត្តកម្មឌីជីថល ដើម្បីចូលរួមចំណែកថែរក្សា ស្ថិរភាព ភាពរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិ។

៧-​គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមបន្តការចូលរួម និងសហការលើការងារលើកកម្ពស់ការចូលរួម របស់ស្ត្រីនិងសមភាពយេនឌ័រឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ ក៏ដូចជាឯកសារគតិយុត្តនានាដែលពាក់ព័ន្ធ។​ លេីសពីនេះទៅទៀត​ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អប្រសេីរផងដែរ៕