កម្ពុជា-ហ្វីលីពិន ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់


កម្ពុជា និងហ្វីលីពិន បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យ​កាន់​តែប្រសើរថែមទៀតលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់។

ការឯកភាពនេះ បានធ្វើឡើងតាមរយៈជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.​)​ ប្រធានាធិបតីហ្វី​លី​ពិន នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពី​ចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ដៃគូសន្ទនារវាងអាស៊ាន-អូស្ត្រាលី។

ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ​បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នា​ទៅវិញទៅមក​ដោយ​​ក្ដីសោ​ម​នស្សរីករាយ និងបានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សា​លើ​ការ​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យ​ពា​ណិជ្ជ​កម្ម វិស័យការពារជាតិ និងការតភ្ជាប់។

ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា សម្របសម្រួល និងជំរុញការនាំចេញ​អង្ករ​ពី​កម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើន​កា​លា​​​នុវត្តភាព​ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ចំពោះការតភ្ជាប់ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់​ពី​សារៈ​​សំ​ខាន់នៃវិស័យទេសចរណ៍ ដោយសម្តេច​ធិប​តី និងលោកប្រធានាធិបតី បានឯកភាពគ្នា ​សិក្សា និង​ជំរុញ​ការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការ​តភ្ជាប់​ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេស​ទាំងពីរ​ឱ្យបានកាន់តែសម្បូរបែប។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថ្នាក់​ដឹក​នាំ​​ទាំង​ពីរ​បាន​វាយតម្លៃខ្ពស់​លើ​កិច្ច​សហប្រតិ​បត្តិ​ការល្អប្រសើរនាពេលកន្លងមក ជាមួយការប្ដេជ្ញាលើការបន្តពង្រឹង និង​ពង្រីកកិច្ចសហ​ប្រតិ​បត្តិការ ដើម្បី​​ឈានទៅដល់ការធ្វើលំហាត់ទ្វេភាគីនាថ្ងៃអនាគត។ ថ្នាក់ដឹកនាំទាំងពីរ​ក៏បានពិភាក្សាលើការងារ​មួយ​ចំនួនទៀតពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផល​ប្រ​យោជន៍​​ និងក្តីបារម្ភ​រួម​រវាង​កម្ពុជា-ហ្វីលីពីន៕