ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំក្រុមការងារអន្តរក្រសួង ចុះវាយតម្លៃប្រគល់-ទទួល​ លើការងារ​ ២គម្រោងស្ថិតនៅក្នុងខេត្តកណ្តាល


ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួលលើការងារចំនួនពីរគម្រោង ស្ថិតនៅក្នុងខេត្តកណ្តាល ក្នុងនោះសម្រាប់គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៩ខ្សែ ប្រវែងសរុប ១ ៨០០ម៉ែត្រ, ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិតាកែវ២ ឃុំវិហារសួគ៌, ភូមិសន្លុង ឃុំសន្លុង និងភូមិ ស៊ីធរលិច ក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកគម្រោងទី២៖ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ, ប្រវែង ៣ ២០០ម៉ែត្រ, ទទឹង ៦ម៉ែត្រ, ស្ថិតនៅភូមិ តាគាត់កើត ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលគម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានវាយតម្លៃខ្ពស់ លើគុណភាព ការងារសាងសង់ ការស្តារឡើងវិញ ជួសជុល ថែទាំនៅលើកម្រិតផ្លូវជនបទទាំងនេះ និងបានឯកភាពទាំងស្រុង ចំពោះការខិតខំប្រឹង ប្រែងលើការងារស្ថាបនាផ្លូវទាំងនោះ សម្រេចបានសមិទ្ធផលជាផ្លែផ្កា។

ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងផ្លូវក្រាលបេតុងទាំងអស់ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបាននឹងកំពុងផ្តល់ អត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ សិស្សានុសិស្ស ជាពិសេស ការដឹកជញ្ជូនកសិកផលរបស់កសិករ នៅតាមមូលដ្ឋានទាំងនោះជាដើម, ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រុមក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅកាន់តំបន់ផ្សេងៗ ដោយគម្រោងទាំង នេះបានកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃការតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕