ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសន័រវេសប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ


នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោក Tormod C. Endresen តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសន័រវេសប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសន័រវេស។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងប្រមូលព័ត៌មានបន្ថែមអំពីសកម្មភាព ដែលប្រទេសន័រវេសអាចចូលរួមគាំទ្រ ឬសកម្មភាពនានាសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងគោលបំណងធានាឱ្យការរួមចំណែកវិភាគទានពីប្រទេសន័រវេស អាចសម្រេចបាននូវគោលដៅរួមសម្រាប់ព្រឹត្តិការណ៍នានានៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសន័រវេស សម្រាប់ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងកម្មវិធីឧបត្ថម្ភ (Sponsorship Program) «កម្មវិធីគាំទ្រប្រទេសដែលមិនមានលទ្ធភាពចូលរួមក្នុងកិច្ចប្រជុំ» និងគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងឱកាសនោះ ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។ ជាមួយគ្នានោះ អង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងគាំទ្រដល់ការកសាងសមត្ថភាពចាំបាច់របស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៤ ផងដែរ៕