ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ


នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកសម្របសម្រួលគម្រោង នាយកគម្រោង ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមន្ត្រីផ្នែកលទ្ធកម្ម និងកិច្ចការរដ្ឋបាលគ្រប់គម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្ដ្រីបានអនុញ្ញាតឱ្យឯកឧត្តម សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ដោយមានការសម្របសម្រួលដោយឯកឧត្តម លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍ លើចំណុចសំខាន់ៗរួមមាន សមិទ្ធផលសម្រេចបាន, ហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍, បញ្ហាប្រឈម, ការសន្និដ្ឋាន និងវាយតម្លៃ និងទិសដៅការងារ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ការពិនិត្យលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីដាក់ទិសដៅការងារសម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព។

ដើម្បីឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍនានាដោយ ការពង្រឹងគុណភាព ៧០% និងពង្រីក ៣០% ឯកឧត្តមរដ្ឋមន្ដ្រីបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

* ត្រូវបន្ដធ្វើបច្ចុប្បន្នភាពខ្សែផ្លូវជនបទ ដោយផ្អែកតាមប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌផ្លូវជនបទ និងផែនការមេរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
* ត្រូវពង្រឹងតួនាទី និងមុខងារនៃមន្ទីរពិសោធន៍
* ត្រូវពិនិត្យលើនីតិវិធីនៃ ការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តតាមផែនការដែលបានគ្រោងទុក
* ត្រូវពិនិត្យលើការអនុវត្តការងាររបស់ក្រុមហ៊ុនទទួលការសាងសង់ ដើម្បីធានាដល់ការសាងសង់ផ្លូវជនបទឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង
* ត្រូវពិនិត្យតួនាទី និងភារកិច្ចរបស់ទីប្រឹក្សាគម្រោងទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តគម្រោងមានប្រសិទ្ធភាព៕